ព័ត៌មានជាតិ

ថ្ងៃមាឃបូជា ! លោក កឹម សុខា ផ្ញើសារ ចូលរួមរំលែកទុក្ខ ចំពោះគ្រួសារអ្នកបាត់បង់ជីវិត ដោយវីរុស កូរ៉ូណា

ភ្នំពេញ ៖ ថ្ងៃមាឃបូជា លោក កឹម សុខា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមេដឹកនាំប្រទេស និងក្រុមគ្រួសារប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ ទូទាំងពិភពលោក ដែលបាត់បង់ជីវិត ដោយសារ ជំងឺ វីរុស កូរ៉ូណា ប្រភេទថ្មី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាល ប្រទេសចិន បាននិយាយថា ចំនួនមនុស្សស្លាប់ ដោយសារ វីរុស កូរ៉ូណា នៅចិនដីគោក កើនឡើង ៧២២នាក់ និងច្រើនជាង ៣៤.៥០០ នាក់ បានឆ្លង។ក៏ប៉ុន្តែមានអ្នកជំងឺ ២,០៥០នាក់ ត្រូវបញ្ជូនចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៨ កុម្ភៈ នេះ ថា នៅថ្ងៃមាឃបូជា នាពេលនេះ គឺជាថ្ងៃ ដែលពុទ្ធសាសនិកជន ប្រារព្ធពិធីបុណ្យរំលឹកព្រះគុណ ចំពោះព្រះអរហន្តទាំង១២៥០ព្រះអង្គ និងជាថ្ងៃរំលឹកនឹកព្រះគុណ ចំពោះព្រះសម្មាសម្ពុទ្ធិជាម្ចាស់ ជាពិសេសគឺជាថ្ងៃនៃសេចក្តីស្រឡាញ់ ចំពោះព្រះពុទ្ធសាសនា។

លោកថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមេដឹកនាំប្រទេស និងក្រុមគ្រួសារ របស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ទូទាំងពិភពលោក ដែលបានបាត់បង់ជីវិត ដោយសារជំងឺ វីរុស កូរ៉ូណាថ្មីនេះ។ ខ្ញុំក៏សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុសក្តិសិទក្នុងលោក សូមជួយប្រោសប្រទានពរ ដល់អ្នកទាំងឡាយ ដែលកំពុងមានជំងឺផ្ទុកមេរោគវីរុសកូរ៉ូណាថ្មីនេះ សូមឲ្យបានជាសះស្បើយ យ៉ាងឆាប់រហ័ស»។

បន្ថែមពីនេះ លោក កឹម សុខា ក៏អំពាវនាវ ដល់មនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ គ្រប់ប្រទេស រួបរួមគ្នា ទប់ស្កាត់ និងកំចាត់ វីរុសកូរ៉ូណាថ្មីនេះ ឲ្យអស់ពីភពផែនដី ដោយកុំមានការរើសអើងគ្នាផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top