ភ្នំពេញ៖ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានស្នើឲ្យកម្ពុជា ជំរុញទំនាក់ទំនង ប្រជាពលរដ្ឋ ប្រទេសទាំងពីរ ពិសេសពលរដ្ឋ រស់នៅតាមព្រំដែន ឲ្យកាន់តែមាន ភាពជិតស្និត ដើម្បីកសាងព្រំដែន សន្តិភាព និងអភិវឌ្ឍន៍។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ប៊ុនញ៉ាំង វរជីត មានប្រសាសន៍ថា “ស្នើសុំសម្តេច ប្រធានរដ្ឋសភា ជំរុញទំនាក់ទំនង ប្រជាពលរដ្ឋប្រទេសទាំងពីរ ពិសេសពលរដ្ឋរស់នៅ តាមបន្ទាត់ព្រំដែន ឲ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាង បន្ទាត់ព្រំដែនកម្ពុជា និងឡាវ ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍”។
ចំណែក សម្តេចហេង សំរិន បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការ រីកចម្រើន ឥតឈប់ឈរ បាននាំមកនូវ ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិទាំងសងខាង៕
ដោយ អេង ប៊ូឆេង