ព័ត៌មានជាតិ

Full Story៖ ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋឡាវនៅកម្ពុជា ភាគីទាំងពីរ ផ្តោតសំខាន់ លើបញ្ហាព្រំដែន

ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ច របស់លោក ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីទាំងពីរ បានផ្តោតជាសំខាន់ ទៅលើបញ្ហាព្រំដែន ដើម្បីឲ្យក្លាយជា ព្រំដែនសន្តិភាព ក្រោយពីប្រទេសទាំងពីរ មានបញ្ហាលើព្រំដែន នាពេលកន្លងមក។

បញ្ហាវិវាទព្រំដែន នៃប្រទេសទាំងពីរ កើតឡើងនៅត្រង់តំបន់ក្បែរអូអាឡៃ និងតំបន់ អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើឡាវ ក្រោយភាគីឡាវ បានដាក់កងទ័ព នៅចំណុចនេះ កាលចុងឆ្នាំ២០១៧។ ក្រោយមកក៏មានការ ព្រមព្រៀង ក៏បានដកកងទ័ពចេញ។ ដោយសារ ប្រទាញប្រទង់គ្នាលើព្រំដែន ថ្នាក់ដឹកនាំកំពូល ទាំងពីរប្រទេស ក៏បានស្នើឲ្យ ប្រធានាធិបតីបារាំង បញ្ជូនអ្នកជំនាញ ឲ្យមកជួយដោះស្រាយផងដែរ ។

បច្ចុប្បន្នកម្ពុជា-ឡាវ បានបោះបង្គោលព្រំដែន រួចរាល់៨៦ភាគរយ នៅសល់ ១៤ភាគរយទៀត ។ ភាគីទាំងពីរប្តេជ្ញាបញ្ចប់ ក្នុងពេលឆាប់ៗនេះ។

លោក ប៊ុនញ៉ាំង វរជិត ធ្វើដំណើរនៅកម្ពុជា តបតាមការអញ្ជើញ របស់ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ប៊ុនញ៉ាំង វរជិត ចូលគាល់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង មានជំនួបដោយឡែក ពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៊ុនញ៉ាំង វរជិត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ភាគីទាំងពីរ បានសន្យារួមគ្នាថា នឹងប្រែក្លាយខ្សែព្រំដែន ឲ្យទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស នាំមកនូវភាពសុខសាន្តជូនប្រជាជន ។

សម្តេច សាយ ឈុំ ក៏បានអបអរសាទរ ចំពោះលទ្ធផលខណ្ឌសីមា និងបោះបង្គោល ព្រំដែនបានរួចរាល់ ចំនួន៨៦% ខណៈ នៅសល់ ១៤%ទៀត ប្រទេសទាំងពីរ បាននឹងកំពុងយកចិត្តទុកដាក់ ដោះស្រាយបញ្ចប់។

សម្ដេច មានប្រសាសន៍ថា “លទ្ធផលដែលសម្រេច បានគួរជាទីមោទកនេះ បញ្ជាក់ឲ្យឃើញ ពីការខិតខំប្រឹងប្រែង យ៉ាងពេញទំហឹង ក្នុងសុឆន្ទៈមោះមុត យ៉ាងពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែន ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្ត ជូនប្រទេសជាតិ និងប្រជាជន នៃប្រទេសទាំងពីរ យូរអង្វែងជាមរតក សម្រាប់អ្នកជំនាន់ក្រោយ”។

លោក ប៊ុនញ៉ាំង វរជិត បានឲ្យដឹងដែរថា ឡាវ-កម្ពុជា ជានិច្ចជាកាលតែងតែរួមគ្នា ថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ទោះបីជាប្រទេសទាំងពីរ ជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានខិតខំដើម្បីសុខដុមរមនា សម្រាប់ជីវភាព រស់របស់ប្រជាជន ឲ្យកាន់តែល្អប្រសើរឡើង ។

លោកបន្ថែមថា ប្រទេសទាំងពីររួមគ្នា ថែរក្សាការពារព្រំដែន ឲ្យមានសន្តិសុខ ដើម្បីឲ្យព្រំដែនក្លាយ ជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា លោក ប៊ុនញ៉ាំង វរជីត បានស្នើសុំសម្តេច ប្រធានរដ្ឋសភា ជំរុញទំនាក់ទំនង ប្រជាពលរដ្ឋប្រទេសទាំងពីរ ពិសេសពលរដ្ឋរស់នៅ តាមបន្ទាត់ព្រំដែន ឲ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែន កម្ពុជានិងឡាវ ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍។

ចំណែក សម្តេចហេង សំរិន បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការ រីកចម្រើនឥតឈប់ឈរ បាននាំមកនូវ ផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិ ទាំងសងខាង។

សម្រាប់ជំនួបជាមួយ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា គឺសម្តេចរេជោ បានឲ្យអាជ្ញាធរព្រំដែន កម្ពុជា-ឡាវ ដើរតួយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនង ឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមាន កម្មវិធីកីឡារួមគ្នា ដើម្បីធ្វើយ៉ាងណា ឲ្យទំនាក់ទំនងល្អ និងឈានដល់ការ ដោះស្រាយ រាល់បញ្ហាផ្សេងៗ។

សម្ដេច តេជោ មានប្រសាសន៍ថា “គប្បីណាស់តាមព្រំដែន អាជ្ញាធរដែនដី ទាំងសងខាង ដែលបានដើរតួយ៉ាងសំខាន់ ជំរុញទំនាក់ទំនង ឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមាន កម្មវិធីកីឡារួមគ្នាផង ដែលធ្វើយ៉ាងណា ឲ្យទំនាក់ទំនងល្អនេះ ឈានដល់ការដោះស្រាយ រាល់បញ្ហាផ្សេងៗ ដែលកើតមានឡើង នៅតាមព្រំដែន”។

ទន្ទឹមនឹងនេះ សម្ដេច សង្កត់ធ្ងន់ថា មិនត្រឹមតែអាជ្ញាធរដែនដី ទេ កងទ័ពនៃប្រទេសទាំងពីរ ក៏គប្បីដែលជំរុញ ទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និត ព្រោះកាលណា មានភាពជិតស្និតហើយ ទោះបីមានរឿងអ្វី ក៏អាចដោះស្រាយ និងពិភាក្សាគ្នាបានដែរ។

ចំណែក លោក ប៊ុនញ៉ាំង វរជីត បានឲ្យដឹងថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្ត ដែលបានជួយគ្នា ទៅវិញទៅមក ។ ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរ ជាប្រទេសភូមិផង របងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេស ដែលមានកំណើនពាណិជ្ជកម្ម ទៅវិញទៅមក កាន់តែកើនឡើងល្អ ជាងនេះទៀត ក៏មានសុវត្ថិភាពល្អផងដែរ នៅតាមព្រំដែន។

លោកថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ លោក សង្កេតឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័ស ជាទីបំផុត ចំពោះប្រជាពលរដ្ឋកម្ពុជាវិញ ក៏មានជីវភាពរស់នៅល្អ ប្រសើរផងដែរ៕

To Top