ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺជនជាតិ ដែលផ្ទុកវីរុសរលាកសួតថ្មី (2019-nCV) បានអនុញ្ញាត្តឲ្យចេញពីមន្ទីរ ពេទ្យក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយការធ្វើតេស្តបង្ហាញ នូវលទ្ធផលអវិជ្ជមាន ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានសុខភាពល្អ រីឯក្រុមគ្រួសារជន ៣នាក់ ក៏ត្រូវបានរួចផុត ពីការតាមដាន ហើយអាចជួបជុំគ្នាវិញហើយ។
បុរសជនជាតិចិននេះ ត្រូវបានរកឃើញផ្ទុកវីរុសកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បន្ទាប់មកត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីផ្តល់ការព្យាបាល និងពិនិត្យតាមដានស្ថានភាពជំងឺ ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា “នៅថ្ងៃទី៩ កុម្ភៈ ក្រោយពីទទួលបានការបញ្ជាក់ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវលទ្ធផល តេស្តអវិជ្ជមានវីរុស កូរ៉ូណាថ្មីលើកទី៣ ក្រុមគ្រូពេទ្យត្រួតពិនិត្យសារឡើងវិញ នូវស្ថានភាពបុរសជនជាតិចិន ឃើញមានសុខភាពល្អប្រសើរ ទើបនៅព្រឹកថ្ងៃ១០ កុម្ភៈ ក្រសួងបានសម្រេចថា អ្នកជំងឺនេះ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យ” ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងមនោសច្ចេតនារីករាយ និងសាទរចំពោះបុរសជនជាតិចិន ដែលបានចេញពីមន្ទីរពេទ្យ និងក្រុមគ្រួសារទាំងអស់ដែលបានរួចផុតពីការសង្កេតសុខភាព ហើយជូនពរពួកគេឲ្យមានសុខភាពល្អ វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព។
លោករដ្ឋមន្រ្តី បានផ្តាំផ្ញើនិងផ្តល់ការណែនាំថា ទោះជនជាតិចិនរូបនេះមិនមានវិជ្ជមានវីរុសកូរ៉ូណាថ្មី៣លើកក៏ដោយ ក៏បុរសជនជាតិចិន និងក្រុមគ្រួសារទាំងអស់របស់គាត់ ត្រូវតែបន្តអនុវត្តវិធានការ ការពារសុខភាពផ្ទាល់ខ្លួន យ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអាចមានចម្លងវីរុសកូរ៉ូណាថ្មីនេះ ជាលើកទី២ នៅពេលដែលការរាតត្បាត ដោយរីរុសថ្មីនេះ នៅបន្តកើតមានឡើង៕