ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន ៖ រោងចក្រមួយចំនួននៅកម្ពុជានឹងប៉ះពាល់ ដោយចិនបិទទ្វារោងចក្រ ខណៈចិនកំពុងជួបវីរុសកូរ៉ូណា

ភ្នំពេញ ៖ ខណៈពិភពលោក កំពុងជួបប្រទះនូវវិបត្តិខ្វះខាតវត្ថុធាតុដើម ដើម្បីផលិតនៅតាមបណ្ដារោងចក្រនានា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រោងចក្រនៅកម្ពុជាមួយចំនួន ដែលទទួលវត្ថុធាតុដើមផលិតពីចិន អាចនឹងរងផលប៉ះពាល់ផងដែរ ដោយសារចិនបិទទ្វារោងចក្រទាំងអស់ ។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះក្នុងគ្រាចិន កំពុងជួបបញ្ហាវីរុសកូរ៉ូណា រីករាលដាលយ៉ាងណាខ្លាំង ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍភាពនិងទិសដៅការងារបន្ត របស់ក្រសួងអប់រំយុវជន និងកីឡា” នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផៃ ស៊ីផាន បានថ្លែងថា “នៅលើពិភពលោកនឹងជួបនូវវិបត្តិ ដែលខ្វះខាតវត្ថុធាតុដើម ដើម្បីផលិតនៅតាមរោងចក្ររបស់គេ ។ ខ្ញុំគ្រាន់ជម្រាបជូនថា ប្រហែលជាមានផលប៉ះពាល់ដល់កម្ពុជាដែរ ចំពោះរោងចក្រមួយចំនួន ដែលទទួលវត្ថុធាតុដើមពីប្រទេសចិន អាស្រ័យដោយប្រទេសចិន បានបិទទ្វារោងចក្រទាំងអស់” ។

ទោះបីជាលោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា ការបិទរោងចក្ររបស់ចិននេះ ដោយសារពាក់ព័ន្ធនឹងវិរុសកូរ៉ូណាយ៉ាងណាក៏ដោយ ប៉ុន្តែខណៈបច្ចុប្បន្នចិន កំពុងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរ ដោយសារវីរុសកូរ៉ូណា ។

បើតាមការចុះផ្សាយ របស់កាសែតកោះសន្តិភាព លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បើសិនជាមានការបិទ ឬផ្អាកដំណើរការរោងចក្រ ដែលធ្វើឲ្យកម្មករ-កម្មការិនីរោងចក្រ អត់ការងារនោះទេ គឺបណ្ដាលពីវីរុសកូរ៉ូណាទៅវិញទេ មិនមែនដោយសារបញ្ហាEBAឡើយ ។

លោកបន្តថា “នៅពេលវីរុសកូរ៉ូណា បានរាតត្បាតនៅប្រទេសចិន បណ្ដារោងកច្រផលិតក្រណាត់មួយចំនួន នៅចិនត្រូវបានផ្អាក ឬបិទ ដោយមិនមានបុគ្គលិកធ្វើការ ហើយវត្ថុធាតុដើម ដែលបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា គឺយកពីប្រទេសចិន ដូច្នេះបើសិនជាវីរុសនេះ កាន់តែរីកដាលកាន់តែធំ នោះដំណើរការផលិតវត្ថុធាតុដើម សម្រាប់បម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។ ដូច្នេះរោងចក្រនៅកម្ពុជា នឹងអត់មានវត្ថុធាតុដើម ដើម្បីផលិតទៀត អីចឹងវាត្រូវតែផ្អាកមួយរយៈ” ។

គិតមកត្រឹមថ្ងៃ១០ កុម្ភៈនេះ មានអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី សរុប៤០៥៥៣នាក់ និងអ្នកស្លាប់៩១០នាក់ ខណៈចិនមានអ្នកឆ្លងចំនួន៤០១៧១នាក់ និងអ្នកស្លាប់៩០៨នាក់ ៕ ដោយ៖ធី លីថូ

To Top