ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានបញ្ជាក់ថា បើមានករណី គ្រូណាម្នាក់ហ៊ានយកលុយពីសិស្សក្នុងម៉ោងសិក្សា ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួង ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនទុកបង្អង់យូរឡើយ ។
តាមការសង្កេតឃើញជាក់ស្ដែង មានលោកគ្រូ-អ្នកគ្រូ មួយចំនួនតូច បានយកលុយពីសិស្សានុសិស្ស(រៀនបឋម) ជារៀងរាល់ថ្ងៃ ដោយហេតុផលថា យកលុយបង់រៀនគួរបន្ថែម ទើបបានពិន្ទុ បើអ្នកណាមិនបានមករៀនគួរទេ អាចនឹងប្រឈមជាមួយការអត់បានពិន្ទុបន្ថែម ឬអាចនឹងធ្លាក់ជាដើម ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍភាពនិងទិសដៅការងារ បន្តរបស់ក្រសួងអប់រំយុវជន និងកីឡា” នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឌី ខាំបូលី បានថ្លែងថា ជាគោលការណ៍ក្រសួងមិនអនុញ្ញាតឲ្យមានការយកថ្លៃសិក្សា ពីសិស្សនៅតាមសាលារៀនឡើយ ។
លោកបន្តថា “ប្រសិនបើមានព័ត៌មានថា មានគ្រូយកលុយពីសិស្ស បែបហ្នឹងមែន គឺសូមសហការជួយផ្ដល់ព័ត៌មាន តាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងអប់រំក៏បាន ដែលយើងមានលេខទូរស័ព្ទ ប្រកាសជាសាធារណៈរួចហើយ ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសគ្រប់លេខទូរស័ព្ទ របស់អ្នកនាំពាក្យគ្រប់ស្ថាប័ន ក្រសួងទាំងអស់” ។
ក្នុងឱកាសនោះ លោកបញ្ជាក់ថា នៅទូទាំងប្រទេសមានសាលារៀន(មត្តេយ្យ-វិទ្យាល័យ) ចំនួន១៣៣០០៕
ដោយ ៖ ធី លីថូ