ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាទៅកាន់មន្ត្រីរាជការ ក្រោមឱវាទត្រូវចុះត្រួតពិនិត្យ ចរន្តការងាររបស់កម្មករនិយោជិត ក៏ដូចជាតម្រូវការទីផ្សារការងា រទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ ទៅបំពេញនៅកន្លែង ដែលខ្វះកម្លាំងពលកម្ម។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រោមឱវាទ ក្រសួងកាងារ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក អ៊ិត សំហេង លើកឡើងថា អ្វីដែលជាបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស សង្គ្រាមពាណិជ្ជកម្មផ្សេងៗ ដែលកំពុងកើតមានឡើង នាពេលបច្ចុប្បន្ននេះ ដែលជាទឡ្ហីករណ៍ ទាមទារ ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ។
លោករដ្ឋមន្ត្រី បានណែនាំដល់ អគ្គនាយកដ្ឋានការងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើល ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ នៅតាមរោងចក្រនីមួយៗ និងការទូទាត់អត្ថប្រយោជន៍ សម្រាប់កម្មករនិយោជិត។
លោកបានណែនាំដល់គណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដកម្ម-បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ត្រូវពង្រឹងការគ្រប់គ្រង តាមដានករណីថៅកែ រត់ចោលរោងចក្រ មិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយ ត្រូវតែគ្រប់គ្រងឱ្យបាន។ ចំណែកខាងវិទ្យាស្ថាន អប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាព នៃការបណ្ដុះបណ្ដាល ធនធានជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាព នៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះ ដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យ ថាតើត្រូវការគ្រូបណ្ដុះបណ្ដាល ប៉ុន្មាននាក់បន្តបន្ទាប់ទៀត។
ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សា លើចរន្តទីផ្សារការងាររក្នុងប្រទេស ដើម្បីរកឱ្យឃើញថា កន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្ម ឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ៕