ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានបពោ្ចញប្រាក់ ចំនួន៩៦០.០០០ដុល្លារអាមេរិក ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគីអង្គការសហប្រជាជាតិ នៃថវិកា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទទួលបាន នៅថ្ងៃទី១០ កុម្ភៈ នេះបានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុន បានសំរេចចិត្ដផ្ដល់វិភាគទាននេះ ដើម្បីទ្រទ្រង់ដំណើរ ការរបស់សាលាក្ដីខ្មែរក្រហម» ។
សេចក្ដីប្រកាសបន្ដថា រដ្ឋាភិបាល ជប៉ុនលើកទឹកចិត្ដឲ្យ អ.វ.ត.ក បន្ដដំណើរការលើសំណុំរឿង ដែលនៅសេសសល់ ក្នុងរបៀបមួយមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស ដោយហេតុថា ជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសំរេចបាននូវយុត្ដិធម៌ ដែលកំពុងត្រូវបានទន្ទឹង រង់ចាំអស់រយៈពេលយ៉ាងយូរមកហើយ សំរាប់ប្រជាជនកម្ពុជា ។
រដ្ឋាភិបាលជប៉ុន ផ្ដល់សារៈសំខាន់ទៅលើ សាលាក្ដីខ្មែរក្រហម ដោយផ្អែកលើទស្សនៈចំនួន៣ ៖ ទី១-ការកាត់ក្ដីខ្មែរក្រហម គឺជាដំណាក់កាលបពា្ចប់ នៃដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការ កើតមានឡើងវិញ នៃអំពើឃោឃៅ ដែលបានប្រព្រឹត្ដឡើង នៅក្នុងរបបខ្មែរក្រហម,ទី២-សាលាក្ដីខ្មែរក្រហមនេះ នឹងជួយស្វែងរកយុត្ដិធម៌ ជូនជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលប្រការនេះនឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ និងទី៣-សាលាក្ដីនេះនឹងរួមចំណែកដល់ការពង្រឹង នីតិរដ្ឋនៅកម្ពុជា ។
សូមរំលឹកថារដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា តាំងពីដើមដំបូង រៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សំរាប់តុលាការនេះ មានចំនួន៨៨,៥ លានដុល្លារអាមេរិក ដោយគិតរួមទាំងការបពោ្ចញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង ២៩% នៃថវិកាសរុបផ្ដល់ ដោយប្រទេសផ្ដល់ ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិ នៃអ. វ.ត.ក ។
លើសពីនេះទៅទៀត ប្រទេសជប៉ុន រួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃ មិត្ដរបស់ អ.វ.ត.ក. បានតាមដានដំណើរការ របស់តុលាការនេះយ៉ាងសកម្ម៕ដោយ ៖ អេង ប៊ូឆេង