ព័ត៌មានជាតិ

Full Story ៖ នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើកូរ៉េសាងសង់ស្ពាន ឆ្លងទន្លេនៅស្វាយជ្រុំ គ្រោងចំណាយ ៤០-៥០លានដុល្លារ

ភ្នំពេញ ៖ នៅចំពោះមុខ លោក ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េ ជួយសាងសង់ស្ពាន ឆ្លងទន្លេមួយខ្សែទៀត នៅត្រង់ចំណុចស្វាយជ្រុំ ទៅតំបន់អរិយ្យក្សត្រ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយតភ្ជាប់ ពីតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ។ បើតាមការសិក្សា ត្រូវចំណាយថវិកា ប្រមាណជាពី ៤០ ទៅ៥០លានដុល្លារ ។

ក្នុងពិធីបើកការដ្ឋានគម្រោង ធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ២ និង២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងឲ្យដឹងថា បើសិនកូរ៉េជួយសាង់សងស្ពាន ពីជ្រោយចង្វារ ទៅស្វាយជ្រុំពិតប្រាកដ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនបន្ថែមទៀត ។ សម្ដេចបន្តថា ស្ពាននេះបើតាមការសិក្សា មានតម្លៃពី៤០ទៅ៥០លានដុល្លារ ប៉ុន្ដែបើគិតកញ្ចប់ថវិកា កូរ៉េផ្ដល់ឲ្យកម្ពុជា ចាប់ពីឆ្នាំ ២០១៩ដល់២០២៣ មាន រហូតដល់៧០០លានដុល្លារ ។

សម្ដេចតេជោមានប្រសាសន៍ថា «លើកនេះ ខ្ញុំនិយាយផ្ទាល់ជាមួយ លោក មូន ជេអ៊ីន ថា នៅកម្ពុជាយើងមានស្ពានមិត្តភាពជប៉ុន-កម្ពុជា ហើយយើងមានស្ពានមិត្តភាពចិន-កម្ពុជា ហើយ ។ ក៏ប៉ុន្ដែវានៅខ្វះស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ។ អីចឹងខ្ញុំស្នើឲ្យឯកឧត្តមប្រធានាធិបតី សាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន ពិចារណាជួយកសាងស្ពាននៅកម្ពុជាណាមួយ ហើយដែលយើងគម្រោងទុក គឺស្ពានតភ្ជាប់ ជ្រោយចង្វារ ទៅស្វាយជ្រុំរបស់ខេត្តកណ្ដាល» ។

សម្ដេចនាយករដ្ឋមន្រ្តីក្រើនរំលឹកថា តំបន់អរិយក្សត្រក្នុងស្រុកខ្សាច់កណ្ដាល ជាទីក្រុងរណបថ្មីមួយទៀត របស់កម្ពុជា ដូច្នេះត្រូវសាងសង់ស្ពាន តភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ។ សម្ដេចតេជោរៀបរាប់ទៀតថា នៅខាងក្រោមទៀត មានស្ពានព្រែកតាមាក់ ដែលសាងសង់ឡើង បានធ្វើឲ្យពលរដ្ឋចំណេញ ពេលវេលាក្នុងការធ្វើដំណើរ ។ បើសិនស្ពានជ្រោយចង្វារ ទៅស្វាយជ្រុំកសាងហើយនោះ អ្នកធ្វើដំណើរគ្រាន់ តែឆ្លងស្ពានជ្រោយចង្វារ ទៅស្វាយជ្រុំ ទៅអរិយក្សត្រ ព្រមទាំងទៅតំបន់ផ្សេងៗទៀត នឹងកាន់តែធ្វើឲ្យចំណេញ ពេលវេលាថែមមួយកំរិតទៀត ។

សម្ដេចបន្ដថា ស្ពានជ្រោយចង្វារទៅស្វាយជ្រុំ ត្រូវមានការចាំបាច់សិក្សាឲ្យបានស៊ីជម្រៅព្រោះមានគម្រោងសាងសង់ ផ្លូវ ស្ពាន បន្ថែមទៀត នៅតំបន់ព្រែតាកុយផងដែរ ។

សម្ដេចតេជោបន្ថែមថា «ត្រូវរង់ចាំស្ពានព្រែតាមាក់វាយូរណាស់ ហើយម្ខាងទៀតទៅឆ្លងនៅស្ពានអ្នកលឿង ហើយបានធ្វើដំណើរឡើងមកវិញវាយូរណាស់។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងមានចំនួន ឆ្លងទូកដ រវាងភ្នំពេញ និងអរិយក្សត្រនៅឡើយទេ។ អីចឹងទេ យើងចង់បញ្ចប់ស្ថានភាពនៃការឆ្លងទូកដ នៅក្បែរក្រុងរបស់យើង មិនចាំបាច់មានសាឡាង ឬទូកដថែមទៀតទេ»។

សូមរំលឹកថា ស្ពានឆ្លងកាត់ទន្លេ ដែលល្បីល្បាញនៅកម្ពុជា រួមមាន ៖ ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ,ស្ពានកោះកុង (ស្ពានមិត្តភាព កម្ពុជា-ថៃ) , ស្ពានស្ទឹងត្រែង , ស្ពានគីហ្សូណា , ស្ពានព្រែកតាមាក់ (ស្ពានមិត្តភាពកម្ពុជា-ចិន) , ស្ពានសេកុង (មិត្តភាពកម្ពុជា-ចិន) , ស្ពានព្រែកព្នៅ , ស្ពានព្រែកក្តាម , ស្ពានតាខ្មៅ (ស្ពានព្រែកសំរោង) , ស្ពានជ្រោយចង្វាថ្មី , ស្ពានជ្រោយចង្វាចាស់ , ស្ពានកោះធំ , ស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ជាដើម ៕ ដោយ អេង ប៊ូឆេង

To Top