ព័ត៌មានជាតិ

ផ្លូវជាតិលេខ២-លេខ២២ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា (វីដេអូ)

ផ្លូវជាតិលេខ២-លេខ២២ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា

ផ្លូវជាតិលេខ២-លេខ២២ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជាhttps://www.dap-news.com/national/2020/02/11/32200/

Posted by Dap_News_Website on Tuesday, 11 February 2020

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ ពង្រីកជា៤គន្លង ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ គឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ននិងទៅអនាគត។

ផ្លូវជាតិលេខ២-លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជា៣ផ្នែក រួមមាន ៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុន សែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខណ្ឌដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹក នៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឲ្យប្រសើរឡើងវិញនេះ គ្រោងចំណាយថវិកា ៥៦,១លានដុល្លារ ដែលជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេស សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «បន្ទាប់ពីផ្លូវនេះបានសាងសង់រួចជាស្ថាពរ វានឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួល ដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ វាក៏អាចជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកកស្ទះចរាចរណ៍ និងជួយសម្រួល ដល់ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣ មួយកម្រិតផងដែរ»៕
ដោយ ៖ អេង ប៊ូឆេង

To Top