ព័ត៌មានជាតិ

GMAC ៖ វីរុសកូរូណារីករាលនៅចិន ធ្វើឲ្យរោងចក្របិទបណ្ដោះអាសន្ន នៅកម្ពុជា ចុងខែនេះ ឬខែមីនា

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញរបាយការណ៍ថា បច្ចុប្បន្ននេះដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃ វីរុសកូរូណា នៅប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ដែលបញ្ហានេះ នឹងបង្ក​ឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជាដែរ ចាប់ពីចុងខែនេះ រហូតដល់ខែមីនា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ GMAC នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្នវត្ថុធាតុដើម ប្រហែលជាង៦០% សម្រាប់បម្រើផលិតកម្ម ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន ។

GMACបញ្ជាក់ថា «បច្ចុប្បន្ននេះដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃវីរុសកូរូណា នៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្តើម ដំណើរការឡើងវិញបាន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជា»។

GMACបន្ដថា “សម្រាប់រោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិន អាចនឹងធ្វើឲ្យរោងចក្រមួយចំនួន ខ្វះវត្ថុដើម នៅចុងខែនេះ និងក្នុងខែមីនា ខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វី ក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្ម ជាបណ្ដោះអាសន្ន ដែលអាចមានរយៈពេល១ខែ ឬ២ខែ” ។

GMAC បន្ថែមថា ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លី ដែល GMAC អាចរំពឹងទុកថា នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុបមកលើកម្ពុជាទេ។ ការសម្រេចចិត្តណាមួយ របស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាន ក្នុងរយៈពេលមិនតិចជាង៦ខែ ខាងមុខនោះទេ ដូច្នេះការភ្ជាប់បញ្ហា ការផ្អាកដំណើរការបណ្តោះអាសន្ន របស់រោងចក្រមួយចំនួន ក្នុងខែមីនា ដ៏ខ្លីខាងមុខនេះ ទៅនឹងបញ្ហា EBA មិនមែនជាត្រឹមត្រូវទេ៕ ដោយ៖ អេង ប៊ូឆេង

To Top