ភ្នំពេញ ៖ មុខសញ្ញាប្លន់បាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ២នាក់ មានឈ្មោះ១-ឈ្មោះ ថូ ថុន ហៅផូ ថុនហៅស្វិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ័ ខេត្តព្រៃវែង ដោយបានដកហូតវត្តុតាងៈ កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៣, ម៉ូតូ០១គ្រឿងម៉ាកAIR BLADE ពណ៍ខ្មៅ ពាក់ស្លាកលេខៈតាកែវ1BY-1688, ដែកអក្សរT និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់ ស្លាកលេខម៉ូតូខេត្តតាកែវ ចំនួន៣បន្ទះ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយពីធ្វើការសួរយកចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ យកម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៩ ស្លាកលេខ បាត់ដំបង 1AG .0104 កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅចំនុចចំនុចផ្លូវលំភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ជាមួយបក្សពួកម្នាក់ទៀត ឈ្មោះម៉ៅ ហៅនី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅខេត្តបន្ទាយយមានជ័យ ជាអ្នកឌុប (គេចខ្លួន) រីឯខ្ល្លួនអង្គុយក្រោយអ្នកបាញ់ ជនរងគ្រោះបណ្តាលអោយរបួស ហើយយកម៉ូតូ ជិះគេចខ្លួន យកទៅលក់អោយជនមិនស្គាល់ឈ្មោះ នៅតាមផ្លូវម្តុំការ៉ាស់សាំង ច្រមុះជ្រូកស្ទឹងមានជយ័ បានប្រាក់ចំនួន៨០០ដុល្លារ ។
នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ កង នី ចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕