ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានអាមេរិក នៅ Las Vegas សហរដ្ឋអាមេរិក នៅពាក់កណ្ដាលខែមីនាខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Liurka Rodriguez Bariios ឯកអគ្គរដ្ឋទូតគុយបាថ្មី នៅរសៀលថ្ងៃទី១២ កុម្ភៈ លោក កុយ គួង បានមានប្រសាសន៍ថា ក្នុងជំនួបនេះលោកស្រីទូត បានសម្ដែងការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅកម្ពុជា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកស្រីទូតក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងតែគាំទ្រគុយបាជានិច្ច។
អ្នកនាំពាក្យបញ្ជាក់ថា «ភាគីទាំងពីរក៏បានពិភាក្សា ពីគម្រោងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសគុយបា នៅពេលខាងមុខ ក្នុងពេលដែលសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក គ្រោងនឹងធ្វើនៅខែមីនាខាងមុខនេះ។ ក្នុងឱកាសនោះពេលសម្ដេចចប់ពី កិច្ចប្រជុំអាចនឹងបន្ត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបា» ។
លោកបន្ថែមថា លោកស្រីទូតគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចទៅគុយបា នាពេលខាងមុខនេះ ក៏បង្ហាញពីមិត្តភាពដ៏ជិតស្និទរបស់គុយបា ហើយក៏ចំពេលដែលគុយបា និងកម្ពុជាប្រារព្ធខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផងដែរ ។
ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅថ្ងៃទី១១ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងអញ្ជើញទៅដល់ Las Vegas នៅថ្ងៃទី១២ ខែ មីនា ខាងមុខដើម្បីវាយកូនហ្គោល លើទឹកដីអាមេរិក និងត្រៀមចូលរួម កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ៕ដោយ៖ ខា ដា