ព័ត៌មានជាតិ

ស្វីសសន្យា ជំរុញក្រុមហ៊ុនធំៗ របស់ខ្លួន មកសិក្សាស្វែង យល់ពីសក្ដានុពល វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសថ្មី ប្រចាំកម្ពុជា បានសន្យា នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេសកម្ពុជាថា លោកស្រីនឹងដឹកនាំប្រធានក្រុមហ៊ុនធំៗ របស់ស្វីស មកសិក្សាស្វែងយល់ពី សក្ដានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសថ្មី នៅថ្ងៃទី១២ កុម្ភៈនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា រដ្ឋាភិបាលស្វីសនៅតែបន្តគាំទ្រ និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីបច្ចុប្បន្នមន្ទីរពេទ្យនេះ ដឹកនាំដោយ វេជ្ជបណ្ឌិតខ្មែរក៏ដោយ ។ តាមគម្រោងទឹកប្រាក់ ដែលរដ្ឋាភិបាលស្វីស ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានប្រហែល ១២លានដុល្លារ (ក្នុងនោះមួយឆ្នាំ ស្វីសផ្ដល់ឲ្យ ៤លានដុល្លារ) ។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលស្វីស បានផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប្រមាណជា ៦០លានដុល្លារ ។

លោក កុយ គួង បញ្ជាក់ថា «ដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកើនឡើង លោកជំទាវឯកអគ្គរដ្ឋបានសន្យាថា នៅក្នុងឆ្នាំនេះ លោកជំទាវនឹងដឹកនាំប្រធានក្រុមហ៊ុនធំៗ របស់ស្វីសចូលមកកម្ពុជា ដើម្បីពិនិត្យមើល សក្ដានុពលផ្នែកវិនិយោគ» ។

ក្នុងជំនូបនោះដែរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រីទូតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដំណើរការរហូត ជាពិសេសពង្រីកវិសាលភាព ឲ្យកាន់តែធំថែមទៀត ។ ក្នុងមួយឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមវិភាគទាន ៥លានដុល្លារ ដើម្បីចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ហើយកាកបាទក្រហមកម្ពុជា ក៏បានចូលរួមវិភាគទាន ១លានដុល្លារផងដែរ ។

អ្នកនាំពាក្យបន្ថែមថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលស្វីសបានផ្ដល់ជំនួយ ដល់កម្ពុជាសម្រាប់វិស័យដោះមីន ប្រ មាណជា ៣,៤៥លានដុល្លារ ។ ស្វីស នឹងបន្តផ្ដល់ជំនួយប្រមាណ ៦លានដុល្លារ សម្រាប់វិស័យដោះមីន ចាប់ពីឆ្នាំ២០២០-២០២៥ ។

លោកបន្តថា ភាគីទាំងពីរក៏បានពិនិត្យឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ស្វីស មានលក្ខណៈឡើងចុះ ជាក់ស្ដែងនៅឆ្នាំ២០១៧ មានប្រមាណ ២០លានដុល្លារ ឆ្នាំ២០១៨ កើនឡើងដល់ជាង ១០០លានដុល្លារ ហើយឆ្នាំ២០១៩ ក៏បានធ្លាក់ចុះបន្តិចវិញ ៕ដោយ៖ ខា ដា

To Top