ភ្នំពេញ៖ “ខ្ញុំយល់ថា នេះជាការសម្រេចដ៏ឈ្លាសវៃនិងត្រឹមត្រូវមួយរបស់ EU ដែលមានទឹកចិត្តចង់បន្តជួយកម្ពុជា ដោយស្មោះត្រង់”។ នេះជាការលើកឡើងរបស់លោក សាម អ៉ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ដូចការស្មានទុក សហគមន៍អឺរ៉ុប(EU) បានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ខ្លះពីកម្ពុជា គឺប្រមាណ ១ពាន់លានអឺរ៉ូស្មើនឹង ១/៥ នៃទឹកប្រាក់សរុប ដែលកម្ពុជានាំទំនិញចេញទៅសហគមន៍អឺរ៉ុប។
ការសម្រេចនេះនឹងមាន សុពលភាពចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ បើពុំមានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ។
លោក សាម អ៉ីនថា ឃ្លាចុងក្រោយនេះសំខាន់ណាស់ គឺសភាអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុបនៅមានសិទ្ធិជួយ កម្ពុជាឲ្យទទួលបាន EBA ទាំងស្រុងដូចដើម បើអ្នកដឹកនាំនយោបាយខ្មែរចេះធ្វើការរួមគ្នាស្តារស្ថានការណ៍ ប្រជាធិបតេយ្យឡើងវិញមុនខែសីហា ២០២០។
លោកគិតថាប្រហែល ជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា អាចស្វែងរកដំណោះស្រាយសមស្របណាមួយឃើញ ដើម្បីកម្ពុជាអាចរក្សា EBA ទាំងស្រុងដូចដើមបាន៕