ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តក៏ដូចជាអំពាវនាវឲ្យធុរជនថៃ ពិនិត្យលទ្ធភាព មកធ្វើការវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់ ៧,១% ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ បានកើនឡើងនៃចំណូលជាមធ្យម របស់ប្រជាជនកម្ពុជា ក៏ដូចជាកំណើនដ៏ឆាប់រហ័ស នៃការវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងនោះ រួមមាន ការវិនិយោគដោយក្រុមហ៊ុនថៃផងដែរ ។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តជាច្រើន ក៏ដូចជាវិធានការណ៍ថ្មីៗ ដើម្បីសម្រួលបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់បន្ថយចំណាយ និងកសាងរចនាសម្ព័ន្ធចាំបាច់សម្រាប់ធុរកិច្ច ។
លោកបន្តទៀតថា សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមាន ៖ កសិ-ឧស្សាហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់។
លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ខ្ញុំសូមលើកទឹកចិត្ត និងអំពាវនាវឲ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឲ្យបានរឹតតែច្រើនឡើងនៅប្រទេសកម្ពុជា” ។
ក្នុងឱកាសនោះ លោកក៏បានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនថៃ តាមរយៈក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចូលរួមឲ្យបានពេញលេញ ក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងប្រារព្ធនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
សូមបញ្ជាក់ថា ឆ្នាំ២០១៩ទៅ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា-ថៃ មាន៩ប៊ីលានដុល្លារ៕
ដោយ៖ធី លីថូ