ព័ត៌មានជាតិ

មេសហជីព ៖ EU ដក EBA ពីកម្ពុជាផ្នែកខ្លះ មានចរិកទន់ភ្លន់

ភ្នំពេញ ៖ លោក អាត់ ធន់ ប្រធានសហជីពកម្មករកម្ពុជា បានឲ្យដឹងថា ចំពោះសហភាពអឺរ៉ុប(EU) បានសម្រេចដកប្រព័ន្ធ អនុគ្រោះពន្ធ(EBA) ចេញពីកម្ពុជានូវផ្នែកខ្លះៗ នោះគឺមានចរិកលក្ខណៈទន់ភ្លន់ ដែលហាក់បីដូចជាមិនចង់ដកទៅវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការដកផ្នែកខ្លះ នៃការអនុគ្រោះពន្ធ និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដារ របស់សហភាពអ៊ឺរ៉ុប នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលបានជ្រើសរើស និងរាល់ទំនិញ សម្រាប់ការធ្វើដំណើរនិងស្ករស ។ ការដកនេះ មានចំនួនប្រហែលមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំ របស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេ វិធានការនេះនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៣ កុម្ភៈ លោក អាត់ ធន់ថា ”នេះគឺជាការសម្រេចដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យអនុវត្តន៍កិច្ចព្រមព្រៀងអីក៏ដោយ ។ ប៉ុន្តែហាក់បីដូចជាទន់ភ្លន់ មានន័យថា គ្រាន់តែជាការដាក់ទេ យើងមើលជាទស្សន ដូចជាមិនចង់ដាក់ចឹង ប៉ុន្តែចង់ឲ្យមានការកែប្រែទៅវិញ ដូចជាចង់ទុកឱកាស ហើយយើងមើល ឃើញការដកនោះ តែ២០ភាគរយទេ” ។

លោកបន្តថា បើរាជរដ្ឋាភិបាល ធ្វើតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុប ធ្លាប់ស្នើទាក់ទងជាមួយសិទ្ធិមនុស្ស ជាដើមបាន នោះកម្ពុជានឹងអាចទទួលបាន EBA ពីសហភាពអឺរ៉ុប មកវិញជាក់ជាពុំខាន។

ជាមួយគ្នានេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងដែរថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ មានប្រហែល២០%ពីកម្ពុជា យើងមានការសោកស្តាយព្រោះថា យើងទទួលបានគយថែរក្សាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង។ ចំនួន២០%នេះ ស្មើប្រមាណជាង១០០០លានបានបំរើដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ក្នុងន័យ នេះបើយើងបាត់ ស្មើនឹងពលរដ្ឋយើងរាប់ម៉ឺននាក់ នឹងបាត់ការងារដែរ»។

លោកបន្តថា ការចេញសម្រេចរបស់សហភាពអឺរ៉ុប ក៏បានផ្តល់ឱកាសឲ្យកម្ពុជា ក្នុងរយៈពេលកន្លះឆ្នាំទៀត (ពីខែកុម្ភៈដល់ខែសីហា) ក្នុងពិចារណាលើអ្វី ដែលមិនទាន់មានភាពល្អប្រសើរ ។

សហភាពអឺរ៉ុបកាលពីថ្ងៃ១២ កុម្ភៈបានសម្រេចដកអនុគ្រោះ ពន្ធពីកម្ពុជា ប៉ុន្តែការសម្រេចនេះត្រូវរាជរដ្ឋាភិបាលកម្ពុជា សម្តែងការសោកស្តាយ ។ ក្រសួងការបរទេសខ្មែរ ចេញផ្សាយ កាលពីយប់ថ្ងៃ១២ កុម្ភៈ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេច របស់គណៈកម្មាធិការអឺរ៉ុប គឺការដកជាបណ្តោះអាសន្ន នូវផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុលោមតាមមាត្រា១៩ នៃបទប្បញ្ញត្តិ ស្តីពី ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប ។

ក្រសួងការបរទេសបញ្ជាក់ទៀតថា “នេះជាការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ ដូចបានចែង ក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាព ជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់ តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធី ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា” ។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវជំហរគោលការណ៍ក្នុងការបដិសេធ រាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេស ក្នុងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ៕ ដោយ ៖ ធី លីថូ

To Top