ព័ត៌មានជាតិ

អូស្រ្តាលី ប្ដេជ្ញាបន្តជំរុញ អ្នកវិនិយោគខ្លួន មកកណ្ដាក់ទុន នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានបន្តប្ដេជ្ញាចិត្ត ជម្រុញអ្នកវិនិយោគ របស់ខ្លួន ឲ្យមកធ្វើការបណ្ដាក់ទុន រកស៊ីនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា ទៅមុខឥតឈប់ឈរ។ នេះបើតាមការបញ្ជាក់ពីលោក Pablo chiho kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក Pablo chiho kang បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការរីកចម្រើន និងផ្លាស់ប្ដូររបស់កម្ពុជា គួរឲ្យមានការកត់សម្គាល់ នាពេលបច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងសន្តិភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ បានកើតឡើងពីកិច្ចខិតខំប្រឹងប្រែង ផ្ទាល់របស់រាជរដ្ឋាភិបាលតែម្ដង ។

លោកទូតប្ដេជ្ញាថា “នឹងបន្តជួយគាំទ្រ ក៏ដូចជាបង្ហាញការពិត ពីកិច្ចអភិវឌ្ឍន៍នៅកម្ពុជា បន្តទៀត ដើម្បីជម្រុញឲ្យអ្នកវិនិយោគិនអូស្រ្តាលី មកបណ្ដាកទុនវិនិយោគបន្ថែម ឲ្យបានកាន់តែច្រើននៅកម្ពុជា” ។

ក្នុងឱកាសនោះលោកបញ្ជាក់ថា អ្នកវិនិយោគអូស្រ្តាលី មានចំណាប់អារម្មណ៍ទៅលើការ វិនិយោគវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែជិតស្និត ជាមួយអូស្រ្តាលីបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរផងដែរ ៕ ដោយ៖ធី លីថូ

To Top