ព័ត៌មានជាតិ

ស្នងការខេត្តកណ្តាលថ្មី ជំរុញមន្ត្រីធ្វើតាមផែនការ និងទទួលខុសត្រូវចំពោះតួនាទី និងភារកិច្ច

កណ្តាល ៖ ទើបតែមកកាន់តំណែង លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាលថ្មី បានជំរុញមន្ត្រីថ្នាក់ក្រោម ត្រូវធ្វើការតាមផែនការ និងទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន ។

បើតាមគេហទំព័រ ស្នងការខេត្ត ក្នុងកិច្ចប្រជុំគណៈស្នងការស្ដីពីការផ្សព្វផ្សាយ ផែនការសកម្មភាពការងារ របស់ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ដ មានការចូលរួម ពីលោក-លោកស្រីស្នងការរង គ្រប់ផែន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានលើកឡើងថា ត្រូវទទួលខុសត្រូវ នូវតួនាទីភារកិច្ច តាមផែននីមួយៗ ជាពិសេសទទួលខុសត្រូវ ចំណុចខ្ពស់តាមផែនរបស់ខ្លួន ហើយធ្វើការណែនាំអប់រំ ដល់មន្រ្ដីរបស់ខ្លួនឲ្យ មានការសាមគ្គីភាព និងរួបរួមគ្នា ដើម្បីទប់ស្កាត់ បង្ការបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ដោយមានការឯកភាព ពីលោក-លោកស្រីស្នងការរទទួលផែន ។

លោកឧត្តមសេនីយ៍ លើកឡើងទៀតថា ប្រសិនបើស្នងការរង មានផែនការ ឫមានគម្រោងការងារ សមកម្មភាពរបស់ខ្លួន ត្រូវធ្វើសំណើរ ជូនខាងផែនភស្ដុភា ដើម្បីឲ្យផែនភស្ដុភា លើកយកគម្រោង ទាំងអស់នោះសុំថវិកាសាមគ្គីរបស់ក្រសួងមហាផ្ទៃ យកមកដើម្បីចាត់ចែងអនុវត្ដការងារ ។

លោក ឈឿន សុចិត្ដ ក៏បានជម្រុញស្នងការរង ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ការងាររបស់ស្នងការដ្ឋាន នគរបាល ខេត្ដកណ្ដាល តាមបណ្ដាអធិការដ្ឋាន នគរបាលក្រុង-ស្រុក ដែលខ្លួនទទួលខុស ដោយចូលរួមចាប់ពីថ្នាក់ប៉ុស្ដិ៍ នគរបាលរដ្ឋបាលផងដែរ ដើម្បីដឹងពីបញ្ហាប្រឈម ឫបញ្ហាផ្សេងៗ របស់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីរកវិធីដោះស្រាយឲ្យបានល្អប្រសើរ ៕

To Top