ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានឲ្យដឹងថា កម្ពុជាបានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ ក្រោយពីបានអនុញ្ញាត ឲ្យនាវាទេសចរយក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។
លោកថា ដែលនេះគឺជាតម្លៃសកលនៃមនុស្សជាតិ មិនគិតពីការលះបង់ របស់កងទ័ពមួកខៀវកម្ពុជាចេញទៅរក្សា សន្តិភាព ក្រោមឆ័ត្រ UN នោះឡើយ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០លោក ផៃ ស៊ីផាន បានថ្លែងថា “កម្ពុជាក្រោមការដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និងទិសដៅពិភពលោក រស់នៅដោយសុខដុមរមនា ក្នុងភាពជាដៃគូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសារជាថ្មី ដល់ពិភពលោកជាក់ស្តែង នូវការអនុញ្ញាតស្វាគមន៍ ឲ្យនាវាទេសចរណ៍យក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ” ។
លោកបន្តថា សកម្មភាពរបស់សម្តេចតេជោ បានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ដែលជាតម្លៃសកល នៃមនុស្សជាតិនោះ មិនគិតពីការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ចេញទៅរក្សា សន្តិភាព ក្រោមឆ័ត្រ UN ទោះឡើយ ។
លោកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាវីរៈជនអន្តរជាតិទីមួយ ជាន់ទឹកដីប្រទេសចិន នៅពេលដែលគេងាកខ្នង រើសអើងជាមួយចិន ដែលមានបញ្ហារោគរាតត្បាត “វីរុសកូរូណា ឬCovid-19” ជាវីរៈជនជាតិ និងអន្ដរជាតិ ទីពីរបានជួយសង្រ្កោះមនុស្សចំនួន ២២០០នាក់ ដែលហាក់ដូចជា ទទួលបានបរទេសចេញពីពិភពមនុស្សជាតិ ដោយអាណោចអធ័ម៕ ដោយ៖ធី លីថូ