ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនមែនជា ប្រទេសអ្នកមាន ប៉ុន្តែមានបេះដូងទូលាយ ទើបឲ្យនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក ចូលចត

ភ្នំពេញ៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាកម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។

 តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅល្ងាចថ្ងៃទី១៣ កុម្ភៈនេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។

សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ 

សម្តេចតេជោ បានបញ្ជាក់ថា”នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ”។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេគឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរគឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាក ទទួលទានម្ហូបអាហារ និងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top