ព័ត៌មានជាតិ

បារាំង ប្ដេជ្ញាជួយឧបត្ថម្ភថវិកា អភិវឌ្ឍន៍ វិស័យកសិកម្ម កម្ពុជា បន្ថែមទៀត

ភ្នំពេញ ៖ លោកស្រី Ophelie BOURHIS នាយិកាថ្មី ទើបត្រូវបានតែងតាំង នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) ប្រចាំកម្ពុជា ប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី Ophelie BOURHIS បានថ្លែងថា “អង្គការ AFD មានឆន្ទៈយ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍វិស័យ កសិកម្មកម្ពុជា ដោយសង្កត់ធ្ងន់ ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម ពាក់ព័ន្ធនឹងខ្សែច្រវាក់ តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ”។

លោកស្រីសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម តែងតែផ្តល់កិច្ច សហការយ៉ាងជិតស្និទ្ធ ដល់ក្រុមការងាររបស់លោកស្រី ដែលកិច្ចសហការនេះ ហើយបានផ្តល់ជាជំនឿ ទុកចិត្តមកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍ វិស័យកសិកម្មថ្មី ដែលផ្តោត ទៅលើដំណាំរំពឹងទឹកភ្លៀង។

ពាក់ព័ន្ធនឹងគម្រោងនេះ លោក វេង សាខុន បញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេស។

លោកបន្ថែមថា ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុង វិស័យកសិកម្ម ក្រសួងកំពុងអនុវត្តគោល នយោបាយអភិវឌ្ឍ វិស័យនេះ ដោយផ្តោតជាសំខាន់ ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់ តម្លៃផលិតកម្ម ដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូន ប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម ។ ក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទីជាដើម ៕ ដោយ៖ធី លីថូ

To Top