ព័ត៌មានជាតិ

ជប៉ុនទទួលស្គាល់ថា កម្ពុជា មានទីតាំងភូមិសាស្រ្តល្អ អំណោយផល ដល់ការវិនិយោគ

ភ្នំពេញ ៖ លោក BANDO Shunsuke ប្រធានផ្នែកស្រាវជ្រាវ និងវិភាគគោលនយោបាយ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានលើកឡើងថា កម្ពុជា ជាប្រទេស ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅកណ្តាល នៃតំបន់អាស៊ាន ដោយមានអំណោយផលល្អ ដល់ការវិនិយោគនានា ។

ក្នុងសិក្ខាសាលាស្តីពី “ការនាំចេញផលិតផលសក្តានុពល លើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់” ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទៅកាន់ទីផ្សារជប៉ុន និងខ្សែសង្វាក់សាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក BANDO Shunsuke បានថ្លែងថា “ប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាល នៃតំបន់អាស៊ាន ដោយមានអំណោយផលដល់ការវិនិយោគ ព្រមទាំងមានការរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ក្នុងការជំរុញឲ្យមានការ អភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម” ។

ក្នុងឱកាសនោះលោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន កាលពីឆ្នាំ២០១៨ មានប្រមាណជាង ១,៥៨៨ លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន នូវទំនិញសក្តានុពលមួយចំនួន ដូចជាៈ សម្លៀកបំពាក់ ស្បែកជើង ខ្សែអ៊ីសូឡង់ និងបរិក្ខាអគ្គីសនី។ល។

លោកបន្ថែមថា គម្រោងវិនិយោគរបស់ជប៉ុន មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ដោយផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្កិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

អនុរដ្ឋលេខាធិការ បន្ថែមទៀតថា ការអភិវឌ្ឍរបស់កម្ពុជាដោយសាររាជរដ្ឋាភិបាលបានដាក់ចេញ ជាបន្តបន្ទាប់នូវការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យមានប្រៀបលើការប្រកួតប្រជែង ក្នុងរបត់ទីផ្សារពិភពលោកដែលកំពុងធ្វើបដិវត្តន៍ឌីជីថល៤.០ផងដែរ៕ ដោយ៖ធី លីថូ

To Top