ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងមុខងារសាធារណៈ : វិស័យសុខាភិបាលជាឆ្នឹងខ្នង សម្រាប់ទ្រទ្រង់ដល់សុខុមភាព នៃប្រជាជនទាំងមូល

កោះកុង : លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា វិស័យសុខាភិបាល ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ដល់សុខុមាលភាពនៃប្រជាជនទាំងមូល សម្រាប់បំពេញការងារ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង។

នៅក្នុងសិក្ខាសាលាចែករំលែក បទពិសោធន៍បានធ្វើឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង លោកបានលើកឡើងថា ការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាព ផ្ដល់សេវាសាធារណៈជាគំរូ ក្នុងវិស័យសុខាភិបាល នេះគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ ដែលស្ថាប័នកំណែទម្រង់អភិបាលកិច្ច រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សហការក្រសួងស្ថាប័នតាមវិស័យ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមលើកស្ទួយគុណភាព នៃសេវាសុខាភិបាល និងបង្កើតទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខភាពសាធារណៈ របស់យើង។

លោក យក់ ប៊ុនណា បានថ្លែងបន្តថា លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាល និងវិស័យអប់រំឲ្យកាន់តែមានភាពល្អប្រសើរ ដើម្បីប្រទេសជាតិរបស់យើង។

លោកបានបញ្ជាក់ថា បុគ្គលិកពេទ្យទាំងអស់ ដែលអញ្ជើញមកចែករំលែកបទពិសោធន៍ ពីការអភិវឌ្ឍការដឹកនាំ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជាគំរូល្អ ដែលទទួលបានជ័យលាភីលេខ១ ក្នុងឆ្នាំ២០១៩ ដូច្នេះហើយមន្ទីរពេទ្យទាំងអស់ ត្រូវចេះផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីកែទម្រង់ក្នុងមន្ទីរពេទ្យរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងនោះដែរ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ ព្យាបាលប្រជាពលរដ្ឋគ្រប់ឋានៈ ដោយមិនរើសអើងពូជសាសន៍ឡើយ ហើយយើងជាគ្រូពេទ្យ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តតាមតួនាទីរបស់បុគ្គលិកពេទ្យ៕

To Top