ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ប្រាប់សមាជិកបក្ស ការបោះឆ្នោតឆ្នាំ២០២២ និង ២០២៣ គណបក្សប្រជាជនកម្ពុជា កំពុងប្រមូលផ្តុំលើការងារសំខាន់ៗ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តស្វាយរៀង បានថ្លែងថាចាប់ពីពេលនេះ រហូតទៅដល់ការបោះឆ្នោត ឆ្នាំ ២០២២ និង ២០២៣ គណបក្សប្រជាជនកម្ពុជាបាន និងកំពុងប្រមូលផ្តុំលើការងារសំខាន់ៗ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឱ្យបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ អនុវត្តន៍កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពនៃសេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។

ការថ្លែងរបស់លោកស្រី ម៉ែន សំអន យ៉ាងដូច្នេះនៅក្នុងឱកាសបិទ កិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការ កណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៧ លើកទី៤ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៧ លើកទី ៥“នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលសមាជកសមាជិការ គណបក្សចូលរួម៧៦៤នាក់។

លោកស្រីថា សភាពការណ៍កម្ពុជាឆ្នាំ២០២០ នៅតែផ្ដល់ភាពអនុគ្រោះដល់គណបក្ស ក្នុងការបន្ដអនុវត្តន៍កម្មវិធីនយោបាយ ដើម្បីកសាង និងការពារមាតុភូមិ ឱ្យបានសម្រេចសមិទ្ធផលធំៗថ្មីៗ ថែមទៀតជូនជាតិ ទោះបីជាយើងនៅមានបញ្ហា ប្រឈមមួយចំនួនក្ដី។

លោកស្រីបានបញ្ជាក់ថា លើសពីនេះទៀត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធយើងខ្លះ មានសុទិដ្ឋិនិយមជ្រុល ភ្លេចខ្លួន ធ្វេសប្រហែស ហើយប្រព្រឹត្តកំហុសផ្សេងៗ ដូចជាប្រើប្រាស់អំណាចបំពានច្បាប់ ប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាជនជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ជំនឿលើគណបក្ស និងរាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី ហ៊ុន សែនជាប្រមុខ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវលុបបំបាត់អំពើ ដែលខុសឆ្គងនិងភាពអសកម្ម ចំពោះបក្សនិងប្រជាពលរដ្ឋនៅមូលដ្ឋាន រួមគ្នាដោះស្រាយឱ្យបានល្អប្រសើរ៕

To Top