ព័ត៌មានជាតិ

សិស្សប៊ែលធី ៥១៦នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស និង តេស្តអន្តរជាតិ IELTS (អាយអែល) ពីចក្រភពអង់គ្លេស

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៣២៦នាក់ និងសិស្សLevel 12 ចំនួន ១៩០នាក់ ដែលទទួលបានពិន្ទុ តេស្តអន្តរជាតិ IELTS (អាយអែល) ចាប់ពី៥.០ឡើងទៅ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១(សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ។

លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេស នៃប៊ែលធី គ្រុបបានឲ្យដឹងថា៖ សិស្សភាសាអង់គ្លេស Level 12 ដែលបានប្រឡងបញ្ចប់ទាំង ៥២ជំនាន់ មានចំនួន ១០.៤៥២នាក់ ក្នុងនោះសិស្សដែលទទួលបានពិន្ទុ តេស្តអន្តរជាតិ IELTS (អាយអែល) ចាប់ពី៥.០ ឡើងទៅមានចំនួន ៦,៤៦៧ ស្មើនឹង ៦២% នៃចំនួនសិស្សដែលបានប្រឡងចេញ ។
ដោយមាន MoU រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) ដែលមានទីតាំងនៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស សិស្សប៊ែលធី ពេលបញ្ចប់ការសិក្សាភាសាអង់គ្លេស Level 12 ដែលទទួលបានពិន្ទុ IELTS (អាយអែល) ចាប់ពី៥.0 ឡើងទៅ នឹងទទួលបាន វិញ្ញាបនបត្រ២ គឺទី១ ចេញដោយប៊ែលធី (BELTEI ESL Diploma) និងទី២ ចេញដោយ ក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) ។ ចំពោះសិស្ស ដែល ទទួលបានពិន្ទុ IELTS (អាយអែល) ចាប់ពី 6.5 ដល់ 7.0 នឹងទទួលបាន អាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5ឡើងទៅ នឹងទទួលបាន អាហារូបករណ៍ឧកញ៉ា លី ឆេង១០០% ទៅសិក្សានៅក្រៅប្រទេសផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ មករៀនទៀងទាត់ គោរពបទបញ្ជាផ្ទៃក្នុង របស់សាលាបានល្អ មានវិន័យ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម ស្របតាមបាវចនារបស់ប៊ែលធីគឺ “ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រ លើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមក និងបានសហការយ៉ាងល្អប្រសើរ ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ ដែលធ្វើឱ្យសាលាមានលទ្ធភាព ពង្រីកទីតាំងជាតបន្តបន្ទាប់ និងអាចពង្រឹងគុណភាពអប់រំ ជូនដល់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ សាកសមជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើន នាពេលអនាគត ។

បន្ទាប់មក លោកបណ្ឌិត ប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្ស ជ័យលាភីទាំង ៥១៦នាក់ នាពេលនោះផងដែរ។

To Top