ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ អគ្គស្នងការ នគរបាលជាតិ ប្រាប់ឲ្យពលរដ្ឋ រាយការណ៍ភ្លាមៗ បើរកឃើញ ផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាន នាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការ នគរបាលជាតិ បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវរាយការណ៍មកអាជ្ញាធរ មានសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាមានករណីរកឃើញទំនិញឬផលិតផលណា ដែលគ្មានប្រភពច្បាស់លាស់ (ក្លែងក្លាយ) ឬខូចគុណភាព ។

ក្នុងឱកាសអញ្ជើញ សំណេះសំណាល ជាមួយអាជីវករខ្នាតតូច និងមធ្យម ដែលជាធុរកិច្ចទីផ្សារបណ្តាញ តាមផ្នែកតាមវិស័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០លោកឧត្តមសេនីយ៍ឯក ជាប៊ុនថុល បានថ្លែងថា ប្រទេសកម្ពុជា មានច្បាប់គ្រប់គ្រាន់ សម្រាប់ធ្វើការផ្តន្ទាទោស ចំពោះអ្នកដែលប្រព្រឹត្តល្មើស ។

លោកបន្តថា កាលណាអាជ្ញាធរ មានសមត្ថកិច្ច រកឃើញផលិផលណា ដែលខុសច្បាប់នោះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

លោកបន្តទៀតថា “បើសិនជាទំនិញហួសកាលបរិច្ឆេទ ជាសំណូមពរអាជ្ញាធរ ក៏ដូចជារូបខ្ញុំផ្ទាល់សូម បងប្អូន សូមមេត្តាកុំលក់បញ្ចេញ ទៅឲ្យបងប្អូនប្រជាពលរដ្ឋ ។តើទំនិញខូចគុណភាពនេះ ហួសការបរិច្ឆេទនេះ វាមានប្រតិកម្ម ទៅលើសុខភាពដែលឬទេ? ហើយបើសិនជាទំនិញ នឹងក្លែងក្លាយវិញ!ក្រុមហ៊ុន ប្រឈមមុខប្ដឹង មកសមត្ថកិច្ចយើងខ្ញុំ ហើយបងប្អូនជាធុរកិច្ចទីផ្សារ ជាអាជីវករខ្នាតតូច-មធ្យមក្ដី សូមមេត្តាទទួលទំនិញ ដែលមានប្រភពច្បាស់លាស់។ពីក្រុមហ៊ុន Zhulianបើសិនជាទំនិញ ណាមិនមានប្រភព សូមរាយការណ៍ មកសមត្ថកិច្ច ដើម្បីសមត្ថកិច្ចយើងខ្ញុំសហការ ជាមួយក្រុមហ៊ុន ធ្វើការបង្រ្កាប” ។

លោកឧត្តមសេនីយ៍ ឯកសង្កត់ធ្ងន់ថា ការក្លែងបន្លំនូវផលិតផលនេះ គឺមានគ្រោះថ្នាក់ធំណាស់ ដែលអាចប៉ះពាល់ដល់ជីវភាព រស់នៅ ប្រចាំថ្ងៃរបស់ពលរដ្ឋ ក៏ដូចជាខូចនូវសុខភាពរបស់ពួកគេផងដែរ ។

ក្នុងឱកាសនោះដែរ លោកឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា អំពាវនាវ ឲ្យក្រុមហ៊ុន ដែលប្រកបអាជីវកម្ម ក៏ដូចជាធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ត្រូវគោរពច្បាប់កម្ពុជា ឲ្យបានត្រឹមត្រូវ ។

លោក ឡី សុភាព បានគាំទ្រលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមានមុខរបរអាជីវកម្ម ឱ្យបានគ្រប់គ្នា ទោះបីខ្នាតតូច ឬមធ្យមក៏ដោយ ដើម្បីស្របតាមការអនុវត្ត គោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស និងគោលនយោបាយ លើកទឹកចិត្តឱ្យមានការបើក អាជីវកម្មខ្នាតតូច និងមធ្យមរបស់រាជរដ្ឋាភិបាល ស្រតាមទស្សនទាន «មនុស្សម្នាក់ អាជីវកម្មមួយ» និង «អាជីវកម្មមួយ ស្ដង់ដាមួយ»។

លោក ក៏បានលើកទឹកចិត្ត អោយគ្រប់ម្ចាស់ក្រុមហ៊ុនអាជីវកម្មគ្រប់ផ្នែកគ្រប់វិស័យ ទាំងខ្នាតតូច និងមធ្យម ក៏ត្រូវមានជំនាញវិជ្ជាជីវៈ ចៀសវាងការចាញ់បោក ជនខិលខូច ពិសេសគឺត្រូវគោរពច្បាប់ នៃប្រទេសកម្ពុជា ឱ្យបានត្រឹមត្រូវ មិនត្រូវលួចបន្លំអតិថិជន អ្នកប្រើប្រាស់ឡើយ ។

លោកក៏បានអំពាវនាវដល់ អ្នកលក់ទីផ្សារបណ្ដាញ ក៏ដូចជាធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ត្រូវមករៀន វគ្គបណ្ដុះបណ្ដាល បន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ជាមួយសមាគមធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា៕ដោយ៖ម៉ៅ ដារ៉ាត់

To Top