ព័ត៌មានជាតិ

ប្លន់សម្លាប់ នៅខេត្តកំពង់ចាម ក្របួចបាននៅខេត្តកំពត

កំពត: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ធ្វើការបង្ក្រាបបាន កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ ចំណុច ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ពីបទ”សង្ស័យលើករណីឃាតកម្ម” ។

មន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះជួប វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ រីឯជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើសម្លាប់ មានឈ្មោះ ហេង នី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលដដែល បន្តថា ជនសង្ស័យបានសម្លាប់ជនរងគ្រោះ នៅចន្លោះពី ម៉ោង៧និង៣០នាទី ទៅម៉ោង៩ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ។ ក្រោយពីធ្វើសកម្មភាព សម្លាប់លើជនរងគ្រោះរួចហើយ ជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយមកលាក់ខ្លួននៅស្រុក ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ដោយសារមានការសហការ ផ្តល់ពត៌មានពីសមត្ថកិច្ចខេត្តកំពង់ចាម មកសមត្ថកិច្ចខេត្តកំពត ទើបកម្លាំងនគរបាលខេត្តកំពត ស្រាវជ្រាវតាមឃាត់ខ្លួនបានតែម្តង ។

តាមនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការសាកសួរនាំ គឺជនសង្ស័យខាងលើ មិនព្រមសារភាពប្រាប់សមត្ថកិច្ចនូវទង្វើរ ដែលខ្លួនបានប្រព្រឹត្តមកលើ ជនរងគ្រោះនោះទេ ទោះបីជនសង្ស័យមានស្លាកស្នាមក្រចក មុតសុះសាច់ពេញខ្លួន ដែលសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា ពិតជាស្នាមក្រចករបស់ជនរងគ្រោះប្រាកដមែន ។

នគរបាលរូបនេះបន្តទៀតថា ទោះបីមានចម្លើយសារភាព ឬមិនសារភាពក៏ដោយចុះ គឺជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត ត្រៀមបញ្ជូនខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ចាមវិញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមសមត្ថកិច្ចបញ្ជាក់ចុងក្រោយថា ក្រោយពីមានករណីឃាតកម្ម លើជនរងគ្រោះនេះកើតឡើង ជនរងគ្រោះបានបាត់បង់ខ្សែមាស១ខ្សែ ទម្ងន់ប្រហែល១តំឡឹង និងខ្សែដៃមាស១ខ្សែ ទម្ងន់១តំឡឹង ២ជី ៕ ដោយ: វ៉ាន់ឌឿន

To Top