ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ដ្រីការពារជាតិអាស៊ាន នៅវៀតណាម ៣ថ្ងៃ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមផ្តល់នូវទស្សនៈ ស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក នៃផលប្រយោជន៍រួម ក៏ដូចជាកិច្ចសហប្រតិបត្តិការ នាពេលអនាគតរបស់ ADMM និង ADMM បូក ដែលនឹងបម្រើជាគោលការណ៍ ណែនាំសម្រាប់បន្តពិភាក្សា និងអនុវត្តដោយភ្នាក់ងារពាក់ព័ន្ធ។

ផ្ទាំងពាណិជ្ជកម្ម

ស្របគ្នានឹងកិច្ចប្រជុំនេះ សម្តេច ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន អូស្រ្តាលី ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាសន្តិសុខរួម ក៏ដូចជាការលើកកម្ពស់ ទំនាក់ទំនងលើវិស័យការពារជាតិ រវាងអូស្ត្រាលី និងអាស៊ាន ជាពិសេសជាមួយ រដ្ឋសមាជិកអាស៊ាននីមួយៗ។

បន្ថែមពីនោះសម្តេច ទៀ បាញ់ ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ាន មួយចំនួនផងដែរ៕

To Top