ព័ត៌មានជាតិ

ក្រសួងការងារបញ្ជាក់ថា ទោះគ្មាន EBA ក៏កម្ពុជានៅតែ លើកកម្ពស់ លក្ខខណ្ឌការងារកម្មករ ជាអាទិភាពជានិច្ច

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យបានថ្លែងថា ទោះបីមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ (EBA)ពីសហភាព អឺរ៉ុប(EU) ក៏កម្ពុជាបានតាំងចិត្តរួចហើយ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ជាអាទិភាពតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

ការថ្លែងបែបនេះ របស់លោកហេង សួរ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើផែនការរួមរបស់គម្រោង រោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈមានការរិះគន់ ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើប តែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះ លោកហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជា មួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជកម្មសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះ ក្នុងរ យៈ ពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

បើតាមលោក ហេង សួរ នៅពេលអឺរ៉ុប សម្រេចដកផ្នែកខ្លះនៃ EBA មិនមែនដោយសារកម្ពុជា មិនបានផ្ដល់លក្ខខណ្ឌ ដល់ការងារកម្មករនិយោជិត ឬសិទ្ធិសេរីភាពទៅឲ្យអង្គការ វិជ្ជាជីវៈនោះទេ ប៉ុន្តែដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជា ធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារ ទៅនឹងនយោបាយនោះឡើយ។

លោករដ្ឋលេខាធិការបានបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឲ្យមានសមភាព ក្នុងការសម្រេចចិត្ត ហើយសូមឲ្យមានសុភវិនិច្ឆ័យ នូវអ្វីដែល ជាការខិតខំរបស់កម្ពុជា»។

លោកបានអះអាងថា កម្ពុជាបានត្រៀមនូវអ្វី ដែលជាកញ្ចប់ឆ្លើយតប ទៅនឹងផលប៉ះពាល់ណាមួយ ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្ត ដោយអយុត្តិធម៌របស់EU។

សូមជម្រាបថា កាលពីថ្ងៃទី១២ កុម្ភៈ សហភាពអឺរ៉ុបបានស ម្រេច ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ប៉ុន្តែការព្យួរនេះ មិនទាន់ដំណើរការនៅឡើយទេ គឺអាចក្នុងអំឡុងខែសីហាខាងមុខនេះ៕ ដោយ៖ ស សំណាង

To Top