នយោបាយ

ក្រសួងទេសចរណ៍ នឹងបើកការិយាល័យចាំបាច់បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់ នៅតាមក្រុង-ស្រុក-ខណ្ឌ មួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។

នេះបើតាមការបញ្ជាក់ពីលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ និងពិគ្រោះយោបល់លើមុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកបន្តថា កាលពីកំឡុងពេលពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីរចនាសម្ព័ន្ធរដ្ឋបាលបានក្រុង-ស្រុក-ខណ្ឌ ក្រសួងទេសចរណ៍ ធ្លាប់បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យរក្សាការិយាល័យទេសចរណ៍ ដែលមានស្រាប់នៅតាមក្រុង-ស្រុក-ខណ្ឌរួចហើយនោះ គឺសូមរក្សាទុក។ ចំពោះក្រុង ស្រុក ខណ្ឌមួយចំនួនទៀត ដែលចាំបាច់មួយសម្រាប់វិស័យទេសចរណ៍ ហើយមិនទាន់មានការិយាល័យទេសចរណ៍ គឺបង្កើតឲ្យមានការិយាល័យទេសចរណ៍ថ្មីៗបន្ថែមទៀត។

លោកថា តាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ ក្រុងទាំងអស់នៅកម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ប៉ុន្តែដើម្បីបង្កើតការិយាល័យទេសចរណ៍បាន ការិយាល័យនោះ ត្រូវមានខ្សែគណនេយ្យភាព ចំពោះអភិបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន៕

ដោយ៖ធី លីថូ

To Top