ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត) និងធនាគារ Siam Commercial Bank (SCB) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើការប្រកាសជាសាធារណៈ ពីការដាក់ឲ្យដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដែលជាមធ្យោបាយ សម្រួលដល់ការទូទាត់ ដោយប្រើរូបិយវត្ថុ ក្នុងស្រុក រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយមិនចាំបាច់ យកសាច់ប្រាក់តាមខ្លូន ឬប្តូរប្រាក់ ពីរូបិយវត្ថុជាតិ ទៅរូបិយប័ណ្ណបរទេស។
ការប្រកាសជាសាធារណៈ នៃការដាក់ដំណើរការខាងលើនេះ បានជួយសម្រួល ដល់សាធារណជន អាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់ រូបិយវត្ថុផ្ទាល់ខ្លួន តាមរយៈការស្កេន QR កូដ។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយវត្ថុ នៃប្រទេសទាំងពីរផងដែរ ។ ប្រជាជនកម្ពុជា ដែលធ្វើដំណើរ ទៅកាន់ប្រទេសថៃ និងប្រជាជនថៃ ដែលធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR ដោយមិនចាំបាច់ យកសាច់ប្រាក់តាមខ្លូន ឬប្តូរប្រាក់ពីរូបិយវត្ថុជាតិយើង ទៅរូបិយប័ណ្ណបរទេស ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “ធនាគារជាតិ នៃកម្ពុជា បានជ្រើសរើស ធនាគារនៅកម្ពុជា ចំនួន៣ រួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់ តាមរយៈប្រព័ន្ធ QR ឆ្លងដែន” ។
លោកបណ្ឌិតបន្ថែមថា “ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេច នូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើស ដើម្បីសហការគ្នាគាំទ្រ លើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ QR កូដ កម្ពុជា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់ នៅក្នុងព្រះរាជាណាចក្រថៃ តាមរយៈ QR កូដ ថៃ”។
លោកបន្ថែមថា “លើសពីនេះទៅទៀត ព្រះរាជាណាចក្រថៃ គឺជាទិសដៅទេសចរណ៍មួយ ដ៏ទាក់ទាញបំផុត នៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារ ពាណិជ្ជកម្មធំបំផុត នៅព្រះរាជាណាចក្រថៃ នឹងជំរុញឲ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើង កាន់តែធំទូលាយ។ ការរួមបញ្ចូលនៃបច្ចេកវិទ្យា របស់ធនាគារនាំមុខ ផ្នែកឌីជីថល ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើង នឹងនាំមកនូវ អត្ថប្រយោជន៍ជាច្រើន ដល់អ្នកដំណើរក្នុងតំបន់។”
ជាមួយគ្នានោះ លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទូទាត់ឆ្លងដែន រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយផ្អែកលើដៃគូ ជាមួយស្ថាប័នក្នុងស្រុក នៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធ នៅប្រទេសកម្ពុជាគឺ ធនាគារកម្ពុជា ពាណិជ្ជ”។
អគ្គនាយកធនាគារ SCB បានបញ្ជាក់ថា “ការទូទាត់អន្តរប្រតិបត្តិការ តាមរយៈប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយម សម្រាប់ភ្ញៀវទេសចរថៃ ធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានី ភ្នំពេញ។ នៅក្នុងព្រះរាជាណាចក្រថៃ មានអ្នកប្រើប្រាស់ កម្មវិធីទូរស័ព្ទចល័តឌីជីថល ជាង ៤៧ លាននាក់ ដោយក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ ក្នុងឆ្នាំ ២០១៩។ ការទូទាត់សំណងអន្តរប្រតិបត្តិការ តាមប្រព័ន្ធ QR នឹងផ្តល់នូវបទពិសោធន៍ កាន់តែប្រសើរ ដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់ ព្រះរាជាណាចក្រ កម្ពុជានៅពេលធ្វើការទូទាត់ ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ”៕