ភ្នំពេញ ៖ លោក Shiekh Saud F. M. Al Suwelim ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះប្រទេសកម្ពុជា ដែលទទួលបាននូវការអភិវឌ្ឍន៍ និងសន្តិភាពរហូតមកដល់បច្ចុប្បន្ន។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក Shiekh Saud F. M. Al Suwelim បានសម្ដែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសុខដុមនីយកម្មសាសនាបានយ៉ាងល្អប្រសើរ និងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានគោរពប្រតិបត្តិគ្រប់សាសនាតាមជំនឿរៀងៗខ្លួនដែលនេះចាត់ទុកជាលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដមួយ។
ជាមួយគ្នានេះដែរទូត អារ៉ាប៊ីសាអូឌីតមានបំណង ស្វែងបង្កើតនូវកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សេងៗជាមួយប្រទេសកម្ពុជាជាពិសេសលើវិស័យ សន្តិសុខសាធាណៈ ដោយស្នើបង្កើតនូវអនុស្សរណៈ យោគយល់គ្នារវាងក្រសួង មហាផ្ទៃនៃប្រទេសទាំងពីរផងដែរ។
ចំណែកសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់និន្នាការសាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជារស់នៅ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាហើយជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាតែងតែជំរុញនិងលើកទឹកចិត្ត ដល់គ្រប់សាសនាទាំងអស់ឱ្យចូលរួមគ្រប់សកម្មភាពរបស់ សង្គមនិងការងារអភិវឌ្ឍន៍របស់សង្គមក៏ដូចជាការងារទប់ស្កាត់ បទល្មើសគ្រឿងញៀន ការងារទប់ស្កាត់ការជួញដូរ មនុស្សជាដើម សំដៅរួមគ្នាកសាងសង្គមជាតិឱ្យមានការរីកចម្រើន។
សម្ដេចបន្ដថាបើទោះបីជាប្រទេសទាំងពីរមកដល់ពេលនេះមិនទាន់មានកិច្ចសហប្រតិបត្តិការលើវិស័យច្រើនជាមួយគ្នាក៏ដោយប៉ុន្តែនៅថ្ងៃអនាគតសម្តេចជឿជាក់ថាប្រទេសទាំងពីរនឹងអាចបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយគ្នា ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ដោយ អេង ប៊ូឆេង