ព័ត៌មានជាតិ

សម្តេចតេជោ ៖ ២០២០-២០២៥ កម្ពុជា ត្រូវការថវិកា ជិត៤០០លានដុល្លារ ដើម្បីបោសសម្អាតមីន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ ដើម្បីធ្វើការបោសសម្អាតមីន និងគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះនៅសម័យសង្រ្កាម ក្នុងផ្ទៃដីប្រមាណ៨០៦គីឡូម៉ែត្រក្រឡា ។

តាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២១ នៃទិវាជាតិយល់ដឹង អំពីមីននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខបានឱ្យដឹងថា គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្កាម មិនត្រឹមតែបង្កឲ្យប្រជាពលរដ្ឋ ធ្លាក់ខ្លួនពិការ ស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ គឺថែមទាំងជាឧបសគ្គ សម្រាប់ការស្ដារនិង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាត់ចែង បោសសម្អាតមីននៅទូទាំងប្រទេស ។ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់បញ្ចូលវិស័យមីន ក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ឆ្នាំ២០១៨-២០២៣ ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងបានរៀបចំសំណើសុំពន្យារពេល បោសសម្អាតមីន លើកទី២ឆ្នាំ២០២០-២០២៥ ដោយទទួលបានការឯកភាពទាំងស្រុង ក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី មីននៅទីក្រុងអូស្លូនៃប្រទេស ន័រវេស្សក្នុងឆ្នាំកន្លងទៅ។

ទន្ទឹមនឹងនេះដែរ ដើម្បីបង្កើន កិច្ចប្រតិបត្តិការបោសសម្អាតមីន ឲ្យសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” រាជរដ្ឋាភិបាល បានសម្រេចចូលរួមជាថវិកា បដិភាគចំនួន១០ភាគរយទៅគ្រប់គម្រោងថ្មីៗ សម្រាប់ការបោសសម្អាតមីន ដើម្បីមនុស្សធម៌ជាលក្ខណៈទ្វេភាគី ឬពហុភាគី និងបានដាក់ចេញផែនការជាក់លាក់ដើម្បីបញ្ចប់ការស្រាវជ្រាវ ទិន្នន័យជាមូលដ្ឋាន ចំនួន៧៣ស្រុក នៅខេត្តភាគខាងកើត ក្នុងឆ្នាំ២០២០។

សម្ដចបញ្ជាក់ថា “ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រូវការថវិកាប្រមាណ៣៧៧លានដុល្លារ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងសំណល់ជាផ្ទុះ ពីសង្រ្កាមប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា” ។

សូមបញ្ជាក់ថា សកម្មភាពបោសសម្អាតមីន គ្រាប់បែកសង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជាមានរយៈពេល២៨ឆ្នាំមកហើយ(១៩៩២-២០១៩)។ គិតត្រឹមខែធ្នូឆ្នាំ២០១៩ បានរំដោះផ្ទៃដីមានមីនបានប្រមាណចំនួន១ ៩៧៩ ៤៧៦ ៦២៦ម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១០៨០ ៨១៤គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ១៨៦គ្រាប់ គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះ ពីសង្រ្កាមចំនួន ២ ៨២៣ ៦២៦គ្រាប់។ លទ្ធទាំងនេះ បានធ្វើឲ្យជនរងគ្រោះថយចុះពីចំនួន៤ ៣២០ នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៧៧នាក់ ក្នុងឆ្នាំ២០១៩៕

ដោយ៖ធី លីថូ

To Top