ព័ត៌មានជាតិ

លោក អ៊ិត សំហេង អះអាងថា ក្រសួងការងារ កំពុងខិតខំបន្ត គ្រប់គ្រងទីផ្សារ ការងារជូនពលរដ្ឋ

ភ្នំពេញ៖លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថា ក្រសួង បាននិងកំពុងបន្តខិតខំ បន្តគ្រប់គ្រងទីផ្សារការងារ និងបង្កើតការងារ ជូនប្រជាពលរដ្ឋ ។

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ លោកអ៊ិត សំហេង បានថ្លែងថា សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំនេះ បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា កាន់តែដើរតួរនាទីយ៉ាងសំខាន់ ដល់ការគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងបន្តជំរុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនីរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ ។

លោកបន្តថា“ក្រសួងបានខិតខំបន្តគ្រប់គ្រង ទីផ្សារការងារ និងកម្លាំងពលកម្ម ដែលរាជរដ្ឋាភិបាល ខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្ម សរុបប្រមាណ ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសប្រមាណ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ច ក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្រ្តីសាធារណៈ ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង ១,២៨លាននាក់” ។

លោកបន្តទៀតថា ដែលកត្តានេះ បានធ្វើឱ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានការចុះបញ្ជីនៅ ក្រសួង សរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបានទទួលប្រាក់ឈ្នួល ជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលពលករមកពីក្រៅប្រទេស ក្នុង១ឆ្នាំ ជាង ២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង៦,៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ ស្តីពីការងារ មន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ចចំនួន ៤៩២២លើក, បានដាក់កំហិតចំនួន ៩៧៧សហគ្រាស, បានចេញលិខិតផាកពិន័យ ៥៥សហគ្រាស និងប្តឹងទៅតុលាការ ៦សហគ្រាស ជាលទ្ធផលរោងចក្រ សហគ្រាសដែលមិនគោរពច្បាប់ស្តីពីការងារ បានធ្លាក់ចុះគួរកត់សំគាល់។
ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីពបានធ្វើអោយចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់ ៥២០៩ ក្នុងនោះ សហជីពមូលដ្ឋានចំនួន ៤ ៩៤៩, សហព័ន្ធសហជីពចំនួន ២១៦, សហភាពសហជីពចំនួន ៣៣ និងសមាគម និយោជកចំនួន ១១។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នេះ ក្រសួងបានចុះបញ្ជីសហជីពមូលដ្ឋាន បានចំនួន ៣៧៥, សហព័ន្ធសហជីពចំនួន ៣៦, សហភាពសហជីពចំនួន៥ និងសមាគម និយោជកចំនួន២ផងដែរ ។ មន្រ្តីអធិការកិច្ចបានខិតខំដោះស្រាយវិវាទ ការងារចំនួន ៨២៨ករណី ក្នុងនោះសះជាចំនួន ៤១៥ករណី មិនសះជាចំនួន៣៧៧ ករណីនិងមោឃៈចំនួន៣៦ករណីនិងបានបន្តអនុវត្តយន្តការដោះស្រាយវិវាទ ការងារក្រៅប្រព័ន្ធតុលាការ ដោយបញ្ជូនសំណុំរឿងចំនួន ១២១ករណី ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយបញ្ហាកូដកម្មចំនួន ៧៥ករណី សះជាមានចំនួន ៦៩ករណី បាតុកម្មចំនួន ១១ករណី សះជាបានចំនួន ៨ករណី ៕ ដោយ៖ធី លីថូ

To Top