ភ្នំពេញ ៖ ដើម្បីបង្ការការចម្លង ជំងឺរលាកសួត វីរុសកូរ៉ូណា ឬCovid-19 គ្រប់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹង និងការណែនាំផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ ទៅដល់ភ្ញៀវទេសចរ និងបុគ្គលិក ព្រមទាំងធ្វើផ្ទាំងផ្សព្វផ្សាយ ព័ត៌មាន ដែលពន្យល់ពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងនោះម្ចាស់ហាង ត្រូវផ្តល់សាប៊ូ ទឹកអនាម័យសម្អាត និងទឹកអាល់កុលលាងដៃ ។ កន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ គួរតែរៀបចំនៅក្នុងបរិវេណ ភោជនីយដ្ឋាន ជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះ ត្រូវបង្កើនការយល់ដឹង ដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យ នៃចម្លងមេរោគពីភ្នាក់ងារ ចម្លងមេរោគ ដោយលើកឡើងពីសារៈសំខាន់នៃការ ការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារ ប្រើប្រាស់ឲ្យបានញឹកញាប់ ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។
ជាមួយគ្នានេះ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍ គួរតែគាំទ្រយុទ្ធនាការអនាម័យ ដល់បុគ្គលិក ដោយការលាងដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគ ឲ្យបានទៀងទាត់ សម្រាប់លាង សម្អាតសម្ភារៈប្រើប្រាស់ ឬទីកន្លែង ដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគ និងអាកុលបានយ៉ាងតិច ២ដងក្នុង១ថ្ងៃ ៕