ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរសាទរ ចំពោះសមិទ្ធផលការងារ ដែលកងពលធំ អន្តរាគមន៍លេខ ២ ខិតខំសម្រេចបាន ក្នុងឆ្នាំ២០១៩

ភ្នំពេញ ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរ ចំពោះសមិទ្ធផលការងារ ដែលកងពលធំអន្តរាគមន៍លេខ ២ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅ ទោះបីមានបញ្ហាប្រឈម ខ្វះខាតមួយចំនួន ។

ក្នុងពិធីបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ២ នាខេត្ត
សៀមរាប, ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកសូមអបអរសាទរ ចំពោះសមិទ្ធផលការងារ ដែលកងពលធំអន្តរាគមន៍លេខ ២ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅ ទោះបីមានបញ្ហាប្រឈម ខ្វះខាតមួយចំនួន ប៉ុន្តែបានខិតខំជម្នះការលំបាក និងច្នៃប្រឌិត ម្ចាស់ការ រហូតសម្រេចបានរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រគល់ជូន ជាពិសេសក្នុងភូមិសាស្ត្រ ទទួលខុសត្រូវតាមបណ្តាទិសនៅ ទិសយោធភូមិភាគទី៤។

លោកឧត្តមសេនីយ៍ សូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ឱ្យបានសកម្មខ្លាំងក្លាថែមទៀត សម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ ហើយត្រូវធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពការងារ, ប្រព័ន្ធការងារឹងមាំ, និងការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអរគុណអង្គភាពសម្ព័ន្ធមេត្រីភាព ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងពលធំអន្តរាគមន៍លេខ ២ រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខមួយចំនួន ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹង កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ។

លោក ហ៊ុន ម៉ាណែត សូមធ្វើការផ្តាំផ្ញើ ដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមរក្សាភាពស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធផ្សេងៗ និងត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាព រស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យបានរហ័សបំផុត ៕

To Top