ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ៖ អាជីវករមួយចំនួន ប្រព្រឹត្តល្មើសច្បាប់ ដែលលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយឲ្យភ្ញៀវ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា មានបុគ្គលដែលជាអាជីវករលក់ដូរបានប្រព្រឹត្ត សកម្មភាពល្មើសច្បាប់ស្ដីពីទេសរចណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ក្នុងការ លក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ទៅឲ្យភ្ញៀវទេសចរ និងផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមាន ពីទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា។

ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធានគណៈមេធាវីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថោង ខុន បានថ្លែងថា ការខិតខំរបស់ក្រសួង ក្នុងការពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីទេសចរណ៍ ក្នុងនោះ ក៏សង្កេតឃើញមានបុគ្គលមួយចំនួន បានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ដូចជា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយដល់ទេសចរ និងការផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមាន ពីទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយសង្គមនានាខុសការពិត និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និងគោលនយោបាយទេសចរណ៍ជាតិ ក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត”។

លោកក៏បានស្នើសុំឲ្យគណៈមេធាវីកម្ពុជា ជួយក្រសួង លើការងារសំខាន់មួយចំនួន ដូចជា ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទទេសចរណ៍ , ជួយរៀបចំបង្កើតច្បាប់ ស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ និងជួយសិក្សាភាពចន្លោះប្រហោង នៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋាន គតិយុត្តទេសចរណ៍ផងដែរ៕ ដោយ ធី លីថូ

To Top