ព័ត៌មានជាតិ

មុត ចន្ថា ៖ កាយវិការមនុស្សធម៌ រាជរដ្ឋាភិបាល ចំពោះអ្នកដំណើរ តាមនាវាយក្សអាមេរិក ទទួលការសាទរ ពីមតិជាតិ-អន្តរជាតិ

ភ្នំពេញ ៖ មនុស្សជំនិត លោកកឹម សុខា គឺលោក មុត ចន្ថា បានកោតសរសើរ ចំពោះកាយវិការ មនុស្សធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទៅលើក្រុមអ្នកទេសចរណ៍ ដែលធ្វើដំណើរតាមនាវាយក្សអាមេរិក ដែលបានអនុញ្ញាត ឲ្យចូលចតនៅកំពង់ស្វយ័ត ក្រុងព្រះសីហនុ ហើយក៏បានទទួលការសាទរ ពីមតិជាតិនិងអន្តរជាតិជាខ្លាំង ។

លោកបានលើកឡើង ក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ថា “កាយវិការមនុស្សធម៌ របស់រាជរដ្ឋាភិបាលបានធ្វើ និងកំពុងបានធ្វើចំពោះភ្ញៀវទេសចរនៃកប៉ាល់ Westerdam Cruise Ship ត្រូវបានទទួលសារទរ ទាំងមតិជាតិ និងអន្តរជាតិ ។ យើងសង្ឃឹមថាកាយវិការមនុស្សដ៏ស្មោះត្រង់នេះ នឹងត្រូវធ្វើចំពោះពលរដ្ឋខ្មែរដូចគ្នាផងដែរ ហើយយើងជឿថា នឹងមាន” ។

ជាមួយគ្នានេះ លោកថា ចង់ឃើញរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលជាសេនាធិការធ្វើសកម្មភាពផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិធានការបង្ការ និងការស្វែងរកសេវាពិគ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាតវិជ្ជសាស្រ្ត ចំពោះជម្ងឺឆ្លងផ្លូវដង្ហើមដ៏សាហាវ COVID19 ។

ក្នុងនោះវិធានការទប់ស្កាត់ការ បំភ័យពីមន្ទីរពេទ្យ ឬមន្ទីរព្យាល ឬគ្លីនិកឯកជន គួរធ្វើផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ ជាយកថាហេតុ ។ ម្យ៉ាងទៀត បើសិនជារដ្ឋអាចធ្វើសកម្មស្ទង់កំដៅ ជាសាធារណៈបានពិតជាប្រសើរបំផុត ៕

To Top