ភ្នំពេញ៖ តំណាងសហភាព សហព័ន្ធសហជីព និងសមាគម ប្រមាណជា២០ បានរួមគ្នាដាក់សំណើ ទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងគោលបំណង ស្នើឲ្យពិនិត្យឡើងវិញ លើមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព ក្រោយរដ្ឋសភា បានធ្វើវិសោធនកម្មនាពេលកន្លងមក ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក និងសហជីពផ្សេងទៀត បានដាក់ញ្ញត្តិទៅកាន់ក្រសួងការងារ ដើម្បីឲ្យពិនិត្យឡើងវិញនូវមាត្រាមួយចំនួនលើច្បាប់សហជីពដូចជា មាត្រា ៣ , ១២ , ១៧ , ២១ , ២២ , ២៧ , ២៨ និងមាត្រា៥០។
លោកថា ច្បាប់សហជីពដែលរដ្ឋសភាបានធ្វើវិសោធនកម្ម នោះមានការកែប្រែបន្តិចបន្តួចធ្វើឲ្យប៉ះពាល់ដល់អង្គការសហជីពនិងកម្មករផងដែរ។
ដូច្នេះការដាក់ញ្ញត្តិឲ្យក្រសួងការងារនេះ ត្រូវបានលោក ប៉ាវ ស៊ីណាបញ្ជាក់ថា ” ដើម្បីឲ្យក្រសួងទទួលយកក្តីកង្វល់របស់ក្រុមសហជីព និង ក្រុមកម្មករ ព្រោះបើមិនពិនិត្យឡើងវិញនិងដោះស្រាយទេពិតជាធ្វើឲ្យប៉ះពាល់ដល់ពួកគាត់”។
បើតាមលោក ប៉ាវ ស៊ីណាក្រោយទៅដល់មុខក្រសួងហើយ តំណាងក្រសួង ក៏បានចេញមកទទួលយកញ្ញត្តិហើយបានសន្យាថា នឹងពិនិត្យលើសំណើររបស់ក្រុមសហជីព។ ប៉ុន្តែចំពោះការបើកកិច្ចប្រជុំដោះស្រាយ ពេលណាក៏លោកមិនទាន់ដឹងដែរ ៕