ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហឹង្សាឈានដល់ការផ្ទុះអាវុធ។
១/ ឈ្មោះ YE QI FENG ហៅ IA FONG ភេទប្រុស អាយុ ៣៦ឆ្នាំ,
២/ ឈ្មោះ ZHANG JI LIANG ភេទប្រុស អាយុ ៤៧ឆ្នាំ,
៣/ ឈ្មោះ ចាង អ៊ីហ្វុង (CHANG YI FONG) ភេទប្រុស អាយុ ៣១ឆ្នាំ
ជនជាតិចិនទាំង ៣នាក់ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បង្ក្រាបបាន បន្ទាប់ពីពួកគេ បានបង្ក ហឹង្សាលើភាគីជនជាតិចិនដូចគ្នានិងខ្មែរម្នាក់ រហូតឈានដល់មានការផ្ទុះអាវុធ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ។
ហេតុការណ៍នេះ កើតឡើងនៅចំណុច ផ្លូវសុភមង្គល(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដើមហេតុដែលបណ្តាលឲ្យមានហឹង្សា រហូតឈានដល់ការផ្ទុះអាវុធនេះ គឺដោយសារតែជនរងគ្រោះបានវេប្រាក់ ចូលក្រុមហ៊ុនប្តូរប្រាក់របស់ជនបង្ក តែពេលជនរងគ្រោះទៅបើកប្រាក់ ជនបង្កមិនព្រមបើកឲ្យគ្រប់ចំនួន ដោយពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត។ បន្ទាប់ពីបានផ្ទុះអាវុធរួចមក បក្ខពួកជនបង្កមួយចំនួនបានរត់គេចខ្លួន បច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕