ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជា ឲ្យស្រាវជ្រាវ ករណីទារក អាយុ៥ខែ ស្លាប់ពេលរស់នៅ ជាមួយម្ដាយ ក្នុងពន្ធនាគារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បើកស្រាវជ្រាវ ករណីទារកអាយុ៥ខែស្លាប់ ដែលបានស្លាប់ ក្នុងអំឡុងពេលរស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គការលីកាដូ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទារកអាយុ៥ខែម្នាក់ រស់នៅជាមួយម្ដាយកំពុងជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ ការស្លាប់ដ៏ខ្លោចផ្សានេះ បង្ហាញពីតម្រូវការចាំបាច់ សម្រាប់អាជ្ញាធរ ក្នុងការផ្ដល់អាទិភាពសិទ្ធិ នៅក្រៅឃុំបណ្ដោះអាសន្ន សម្រាប់ស្ត្រី ដែលមានកូនតូចនៅជាមួយ ។

ស្ដ្រីជាម្ដាយក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួន កាលពីពាក់កណ្ដាល ឆ្នាំ២០១៩ ក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំសវនាការ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថា បានកាន់កាប់កញ្ចប់ថ្នាំញៀន ប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែ ១ម៉ឺនរៀល ខណៈអ្នកស្រី មានផ្ទៃពោះ៨ខែ នៅពេលត្រូវបានបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារ ។

ក្នុពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១៩ នាស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “រឿងក្មេងម្នាក់ ដែលស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ឥឡូវហ្នឹងយើងស្រាវជ្រាវ ។ខ្ញុំបានបញ្ជាឲ្យស្រាវជ្រាវ ដល់កម្រិតដោយសារអី? ដោយខ្វះអាហាររូបត្ថម្ភ ឬដោយសារស្អីមួយទៅ ដូច្នេះយើងត្រូវធ្វើឲ្យដល់កម្រិត ដើម្បីបំភ្លឺសាធារណៈមតិ” ។

ទាក់ទិនករណីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ខែកុម្ភៈ បានសម្រេចផ្តល់មេធាវី ការពារក្តី ដោយឥតគិតថ្លៃ ជូនស្ត្រីជាប់ឃុំ ដែលមានកូនតូច នៅជាមួយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលទារិកា អាយុ៥ខែនោះ បានស្លាប់នៅមន្ទីរពេទ្យ ដោយជំងឺរលាកសួតធ្ងន់ធ្ងរ ៕ ដោយ៖ អេង ប៊ូឆេង

To Top