ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលិកបណ្ដែត ឬមន្រ្តីជាប់កិច្ចសន្យា ត្រូវតែមានវត្តមាននៅកន្លែងធ្វើការ (វីដេអូ)

បុគ្គលិកបណ្ដែត ឬមន្រ្តីជាប់កិច្ចសន្យា ត្រូវតែមានវត្តមាននៅកន្លែងធ្វើការ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលិកបណ្ដែត ឬមន្រ្តីជាប់កិច្ចសន្យា ត្រូវតែមានវត្តមាននៅកន្លែងធ្វើការhttps://www.dap-news.com/national/2020/02/20/34636/

Posted by Dap_News_Website on Thursday, February 20, 2020

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រាល់បុគ្គលិកបណ្ដែត ឬជាមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីបុគ្គលិកធម្មតា នៅតាមស្ថាប័នរដ្ឋ ឬក្រសួងនានា ត្រូវតែមានវត្តមាន នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន ឲ្យបានជាប់លាប់បំផុត រាល់ម៉ោងធ្វើការ ដោយមិនត្រូវអវត្តមានឡើយ។

លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ ក្រោយសង្កេតឃើញថា កន្លងទៅ មានមន្រ្តី តាមក្រសួង-ស្ថាប័នរបស់រដ្ឋ មួយចំនួនតូច ដែលមានតែឈ្មោះនៅក្រសួង តែអត់មកធ្វើការឲ្យបានជាប់លាប់ រួចមកបើកប្រាក់ខែពីរដ្ឋពេញៗ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០លោកផៃ ស៊ីផាន បានថ្លែងថា នៅក្នុងកំណែទម្រង់រដ្ឋបាល ទាក់ទងជាមួយបុគ្គលិកនេះ គឺរាជរដ្ឋាភិបាល បានតម្រូវឲ្យមន្រ្តីតាមស្ថាប័នរដ្ឋនានា ត្រូវមានអាខោនផ្ទាល់ខ្លួន នៅតាមធានាគារដោយខ្លួនឯង ដើម្បីធ្វើការបើកប្រាក់ខែ ដោយភ្ជាប់ជាមួយឈ្មោះ រូបថត ជាដើម។

លោកបញ្ជាក់ថា “ប៉ុន្តែថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ ថែមទៀតគឺ ប្រសិទ្ធភាពការងារ របស់រាជរដ្ឋាភិបាល ក្នុងវិស័យកំណែទម្រង់ហ្នឹង គឺទី១ទាំងបុគ្គលិកបណ្តែត ឬជាប់កិច្ចសន្យានោះ ក៏ដូចជាបុគ្គលិកធម្មតា ត្រូវតែមានវត្តមាន នៅក្នុងការិយាល័យត្រឹមត្រូវ បំផុត”។

លោកបន្ថែមថា រាជរដ្ឋាភិបាលកំពុង ធ្វើការពង្រឹងសារាចរណែនាំ ឬក៏ពង្រឹងនូវអនុក្រឹត្យ ទាក់ទងនឹងកំណែទម្រង់រដ្ឋបាល នៅតាមក្រសួង-ស្ថាប័នបន្ថែម ដើម្បីធ្វើឲ្យមានកំណើនបុគ្គលិក ធ្វើការនៅតាមក្រសួង-ស្ថាប័ន ឲ្យបានច្រើនផងដែរ ។

ក្នុងឱកាសនោះដែរ លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា ក្រសួងបាននិងកំពុងតែធ្វើការតាមដាន នៅតាមបណ្ដាក្រសួង-ស្ថាប័ននានា ទាក់ទងជាមួយ មន្រ្តីមានតែឈ្មោះនៅក្រសួង តែអត់មកធ្វើការនេះផងដែរ។ លោកថា ក្រសួងមិនទាន់រកឃើញ មន្រ្តីណាម្នាក់ ដែលមានតែឈ្មោះ រួចអត់មកធ្វើការ ដល់ខែបើកប្រាក់ខែពេញៗពីរដ្ឋនៅឡើយ៕ ដោយ៖ធី លីថូ

To Top