ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការសាងសង់ពន្ធនាគារ រត់មិនទាន់អ្នកជាប់ទោស ដោយសារបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសាងសង់ពន្ធនាគារ រត់មិនទាន់ អ្នកជាប់ពន្ធនាគារទេ ដោយសារអ្នកជាប់ទោស ពីបទល្មើសគ្រឿងញៀនច្រើន ខណៈអ្នកជាប់ មានការកើនឡើង ឥតឈប់ឈរ។

ក្នុងសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀន នាពេលកន្លងទៅ តាំងពីចាប់ផ្តើមយុទ្ធនាការ លើកទី១ ដល់លើកទី៤ បង្ក្រាបបានជាង១០០០តោន។

សម្ដេចមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជនជាប់ឃុំពន្ធនាគារ មានកើនឡើងយ៉ាងច្រើន ។ អាស្រ័យដោយប្រសិទ្ធិភាព នៃការអនុវត្តច្បាប់ ជាពិសេស យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ហើយក៏ជំរុញការសាងសង់ ជួសជុល កែលម្អអគារ ដើម្បីដោះស្រាយភាពចង្អៀតណែនពន្ធនាគារ។

សម្ដេចបន្ដថា “ប៉ុន្ដែការសាងសង់មិនទាន់ទេ ពីព្រោះចាប់គ្រឿងញៀន មួយថ្ងៃៗរាប់សិបនាក់ សាងសង់វាមិនទាន់ទេ អាហ្នឹងមានវិធីដោះយ៉ាងម៉េច? កាត់ទោសរួចហើយ លើកលែងទោសមួយចំនួន ដែលមិនពាក់ព័ន្ធគ្រឿងញៀន អាណុងជាវិធីល្អដែរ ហើយនឹងមានវិធីផ្សេងៗទៀត ដែល យើងរិះរកវិធី។ចឹងមិនមានន័យថា យើងមិនខំកសាងពន្ធនាគារទេ ខំដែរ ប៉ុន្ដែរត់វាមិនទាន់ដែរ មិនធ្វើបានតិចណា ពន្ធនាគារ បង្កើតទាំងមណ្ឌលថ្មីផង នៅតែមិនឈ្នះ”៕

ដោយ ៖ អេង ប៊ូឆេង

To Top