ហាណូយ៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយក នៃអង្គភាពសន្តិសុខ សង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកបេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ស្តីពី “ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាងសមាគមសន្តិសុខសង្គម អាស៊ាន និងសមាគម សន្តិសុខសង្គម អន្តរជាតិ” ដ៏សំខាន់មួយនេះ។
សមាសភាព នៃការចូលរួមនៃកិច្ចប្រជុំ រួមមានតំណាងសមាគមសន្តិសុខសង្គមអាស៊ាន, តំណាងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA), អង្គភាពសន្តិសុខសង្គម នៃប្រទេសវៀតណាម, បេឡាជាតិ របបសន្តិសុខសង្គម នៃប្រទេសកម្ពុជា, តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO), តំណាងធនាគារពិភពលោក (WB), និងតំណាងអង្គការសុខភាពពិភពលោក (WHO) ។
កិច្ចប្រជុំពិភាក្សាខាងលើ ផ្តោតសំខាន់លើប្រធានបទ មួយចំនួនដូចជា៖
១- ការទទួលស្គាល់ នូវការតាំងចិត្តរបស់ ASSA ដើម្បីដាក់បញ្ចូល សកម្មភាពរបស់ ASSA ទៅក្នុងក្របខ័ណ្ឌសកម្មភាពផ្លូវការ របស់អាស៊ាន ក្នុងគោលបំណង បង្រួបបង្រួមសកម្មភាព ក្នុងតំបន់រួម ស្តីពីការអភិវឌ្ឍ គោលនយោបាយ និងការអនុវត្តសន្តិសុខសង្គម។
២- ការចែករំលែកព័ត៌មាន ដែលអនុញ្ញាត ឱ្យអ្នកតំណាងអង្គភាពជាសមាជិក ASSA អាចចូលរួម ឬរៀបចំសន្និសីទ និងសកម្មភាពនានា នៅក្នុងឆ្នាំ ២០២០ ស្តីពី ខ្លឹមសារនៃសុខុមាលភាព និងសន្តិសុខសង្គម ក្នុងក្របខ័ណ្ឌ នៃសសរស្តម្ភ សង្គម និងវប្បធម៌ របស់សហគមន៍អាស៊ាន។
៣- ជំរុញឱ្យសមាជិក ASSA ធ្វើសមាហរណកម្មសកម្មភាពនានា ដើម្បីសម្រេចបានគោលដៅ សហស្សវត្សរ៍ ដែលបានកំណត់ដោយអង្គការ សហប្រជាជាតិ។
សូមបញ្ជាក់ផងដែរថាៈ ក្នុងកំឡុងពេល នៃការចូលរួម កិច្ចប្រជុំខាងលើនេះ លោញប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់បទសម្ភាស៍ជាមួយ ទូរទស្សន៍ជាតិវៀតណាម (VTV) ដែលពាក់ព័ន្ធទៅ នឹងបទពិសោធន៍ ក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមមួយចំនួន នៅកម្ពុជា ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគតផងដែរ ៕