ព័ត៌មានជាតិ

អង្គការជាតិ-អន្តរជាតិ ចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំង ការពារជំងឺសុនខ និងឆ្មា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ចម្រុះជាតិសាសន៍ មកពីអង្គការពារសត្វកម្ពុជា និងផ្នែកថែរក្សាសត្វអនាថា ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្គការ four Paws International បានចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំង ការពារជំងឺសត្វសុនខ និងសត្វឆ្មា ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្កែឆ្កួត ឆ្មាឆ្កួត ពិសេសការបរិភោគ សាច់សត្វចិញ្ចឹម ។

ការចុះព្យាបាលនេះ នៅលើទឹកដីនៃកីតម្បាញកោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ប្រមាណ៥០០ក្បាល នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរវេណវត្តសាមគ្គីក្បាលកោះ ។

លោកស្រីវេជ្ជបណ្ឌិត Katherine Polak ប្រធានផ្នែកថែរក្សាសត្វអនាថា ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្គការ four Paws International បានឲ្យដឹងថា ការចុះមកចាក់ វ៉ាក់សាំង និងគ្រៀវប្រដាប់បន្តពូជសត្វឆ្កែ ឆ្មា ដោយសារ មើលឃើញអ្នកស្រុកនៅលើកោះនេះ បានចិញ្ចឹមសត្វច្រើន ពិសេសសត្វឆ្កែ គួបផ្សំជាមួយសំណើរ ពីប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឈគណៈកម្មការវត្ត ។ ម៉្យាងទៀត ដោយទទួលបានព័ត៌មាន នៅលើដែនកោះនេះ មិនមានការជួញដូរ សត្វសុនខ។

លោកស្រីថា បេសកកម្មរបស់អង្គការទាំងពីរខាងលើ ដើម្បីជួយការពារ សត្វឆ្កែ ឬឆ្មាអានាថា ដែលត្រូវបានគេយកមកព្រលែងចោល នៅតាមទីអារាមនានានៅកម្ពុជា ក៏ដូចជានៅវត្តសាមគ្គី ក្បាលកោះនេះ ។ សកម្មភាពនេះ និងក៏ជា សញ្ញាផងដែរ ប្រាប់ទៅពលរដ្ឋ ពិសេសអ្នកបរិភោគសាច់ឆ្កែ ឆ្មាឲ្យឈប់ប្រើហិង្សា និងទទួលទាន ក៏ដូចជាចរាចរ សាច់សត្វសុនខ លើទីផ្សារតទៅទៀត ព្រោះសត្វចិញ្ចឹមទាំងពីរ ប្រភេទនេះបានផ្សារភ្ជាប់ជីវិតប្រចាំថ្ងៃរបស់មនុស្ស។

លោកស្រីបន្តថា សកម្មភាពនៅលើកោះនេះ មានរយៈពេលជាង១សប្តាហ៍ ។ ការគ្រៀវប្រដាប់បន្តពូជសត្វឆ្កែ និងឆ្មាបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់ ដូចជា ធ្វើឲ្យសត្វរួចផុតពីជំងឺផ្សេងៗ និងមិនសូវកាចសាហាវទៀតផង។

ពាក់ពន្ធ័ការទទួលទានសាច់ឆ្កែ បើតាមលោកស្រី វេជ្ជ បណ្ឌិត Katherine Polak ក៏ប្រឈមនឹងការឆ្លងជំងឺផងដែរ ព្រោះបើហូបសាច់សត្វមានជំងឺនឹងឆ្លងមកមនុស្សធ្វើឲ្យមាន បញ្ហាទាក់ទងសុខភាព ដូច្នេះពួកគេគួរបញ្ឈប់ការហូប។

ចំណែកលោក នីម ដូល្លា ជាមន្ត្រីពេទ្យសត្វនៅអង្គការ សង្គ្រោះសត្វកម្ពុជា បានលើកឡើងថា សកម្មភាពនេះ មិនបានគិតថ្លៃទេ។ លោកបញ្ជាក់ថា ចាប់តាំងពីបង្កើតអង្គការ មកភាគច្រើននៃជំងឺលើសត្វចិញ្ចឹមលើស្បែក និង ជំងឺរាគ (ប៉ាវូ) ព្រូន ចៃ និងដុំគីស ដុះលើប្រដាប់ភេទសត្វ ឆ្កែ ឆ្មា មិនសូវមានទេ។

ដោយឡែក ចំពោះការគ្រៀវប្រដាប់បន្តពូជសត្វវិញស្ទើរ តែ១០០% ទទួលបានជោគជ័យ ហើយបើមានបញ្ហា មាន តែ១%ប៉ុណ្ណោះ ដែលមិនជារបួស ដោយសារតែឆ្កែវាលិឍ មុខរបួសបណ្តាលឲ្យមានសំណើមក្រជាសះស្បើយ ប៉ុន្តែទោះយ៉ាងណាមុនគ្រៀវបានពិនិត្យចង្វាក់បេះដូងត្រឹមត្រូវ ផ្ទុយទៅវិញបើសត្វឆ្កែ ឆ្មានោះ មានជំងឺបេះដូង ក៏មិនអាចធ្វើការវះកាត់បានដែរ ៕

To Top