ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ាណែត​ ចូលរួមក្នុងពិធីបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគពិសេស

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីបូកសរុបលទ្ធផល ការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាព ការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគពិសេស​ នា ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖

លោក​ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគពិសេស ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេច បានលទ្ធផល និងស្នាដៃការងារល្អប្រសើរ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី និងកិច្ចសហការល្អមួយភាគីមិត្តនៅតាមបណ្តោយព្រំដែន ព្រមទាំងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ រួមទាំងការងារអតីតយុទ្ធជន។

មិនតែប៉ុណ្ណោះ​ លោកមេទ័ពជេីងគោ​ ក៏សូមគាំទ្រឱ្យបន្តជំរុញកិច្ចខិតខំប្រឹងប្រែង ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ធានាឈានទៅសម្រេចបាននូវទិសដៅការងារថ្មីៗសម្រាប់ឆ្នាំ២០២០នេះ និងបណ្តាឆ្នាំខាងមុខ ក្នុងនោះ ត្រូវអភិវឌ្ឍសមត្ថភាពគ្រប់ជំនាញ និងរៀបចំមូលដ្ឋានប្រព័ន្ធការងារ ដោយឈរលើគោលការណ៍បច្ចុប្បន្នភាព និងការវិវត្តថ្មីៗ ដើម្បីអាចបន្តនិរន្តរភាពទទួលរ៉ាប់រងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា គួបផ្សំនឹងការផ្ទេរទេពកោសល្យ និងបទពិសោធន៍ល្អៗពីនាយទាហានជំនាន់ទី១ឱ្យទៅយោធិនវ័យក្មេងដែលកំពុងបម្រើការងារ និងជំនាន់ក្រោយៗបន្តបន្ទាប់។ក្រៅពីនេះ​ លោកសូមអរគុណអភិបាល រាជធានី ខេត្ត ក្នុងភូមិសាស្ត្រយោធភូមិភាគពិសេស ដែលបានគាំទ្រ និងផ្តល់កិច្ចសហការជាមួយកងយោធពលខេមរភូមិន្ទ ក៏ដូចជាបណ្តាកងកម្លាំងប្រដាប់អាវុធផ្សងទៀត រួមមានកងរាជអាវុធហត្ថ និងកងនគរបាលជាតិ នៅក្នុងការបំពេញភារកិច្ចរួមគ្នារួមទាំងអាវុធហត្ថ និងនគរបាលជាតិ ដែលបានបំពេញភារកិច្ចរួមគ្នា ធានាបាននូវសុខសន្តិភាព និងស្ថិរភាពជូនជាតិ និងប្រជាជនរបស់យើង និងសូមអរគុណអង្គភាពដៃគូសម្ព័ន្ធមេត្រី និងសប្បុរសជននានា ចំពោះការឧបត្ថម្ភគាំទ្រដល់យោធភូមិភាគពិសេស ដែលបង្កលក្ខណៈផ្តល់លទ្ធភាពក្នុងការបំពេញភារកិច្ចកាន់តែមានប្រសិទ្ធភាព។ ការចូលរួមចំណែកនេះ គឺជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យធំៗជាច្រើនមកហើយ ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ និងការរួមចំណែកអភិវឌ្ឍជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ ដោយមានការគាំទ្រយ៉ាងសកម្មពីប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់។

To Top