ព័ត៌មានជាតិ

ក្រសួង សុខាភិបាលកម្ពុជា នឹងបន្តសហការ ជាមួយក្រសួង សុខាភិបាល ម៉ាឡេស៊ី ឆ្លើយតបការពារជំងឺ COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីករណីមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាល ម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះ ត្រូវបានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគ Covid-19 ទេ ។

រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា មិនទាន់មានអ្នកណាម្នាក់ ផ្ទុះនូវឡើងនូវជំងឺ Covid-19 នេះនៅឡើយ ខណៈបច្ចុប្បន្ននៅលើសកលលោក មានអ្នកឆ្លងជំងឺនេះ បានកើនឡើងទៅដល់ជាង៧ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់ មានចំនួនជាង២២០០នាក់ផងដែរ ដោយមិនទាន់មាន សញ្ញាថមថយនៅឡើយ ៕ ដោយ៖ធី លីថូ

To Top