កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលបានកើតឡើងជាបន្តបន្ទាប់ ដោយសារតែប្រទេស មានសុខសន្តិភាព ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុង ២ ខ្សែប្រវែងជាង ៥០០០ ម៉ែត្រ និងសាលា រៀនមួយខ្នង ៥ បន្ទប់ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនជាប្រមុខ បានខិតខំប្រឹងប្រែងក្នុងការកសាង នូវសុខសន្តិភាព ហើយនាំមកនូវការអភិវឌ្ឍ ក្នុងគោលដៅដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ ។ ហើយការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលបានយកវិស័យផ្លូវថ្នល់ និងវិស័យធនធានមនុស្ស ជាវិស័យអតិភាព ក្នុងចំណោមវិស័យ ៤ ដែលរដ្ឋាភិបាល បានដាក់ចេញជាទិសដៅក្នុងការអភិវឌ្ឍ ។
លោកអ៊ុន ចាន់ដា មានប្រសាសន៍បន្តថា មានសន្តិភាពគឺមានការអភិវឌ្ឍ ជាក់ស្ដែងដូចជានៅថ្ងៃនេះ សមិទ្ធផលដែលប្រជា ពលរដ្ឋយើង នឹកស្មានមិនដល់ គឺផ្លូវបេតុង ២ខ្សែ ប្រវែងជាង ៥០០០ ម៉ែត្រទទឹងប្រវែង ៦ម៉ែត្រ ត្រូវបានស្ថាបនារួច រាល់ជាស្ថាពរ និងសាលារៀន១ខ្នង មាន៥ បន្ទប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។
ម្យ៉ាងទៀត សន្តិភាពនាំមកនូវតម្លៃ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរស់នៅជួបជុំសាច់ញាតិ ប្រកបការងារ ដោយសុខដុមរមនាគ្រប់ៗក្រុមគ្រួសារ ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានរៀបចំ កិច្ចការរដ្ឋបាលច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការបំរើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នា រងចាំជួយដោះស្រាយ នូវបញ្ហានានា ជូនប្រជា ពលរដ្ឋយើងផងដែរ ។