ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណលោក Richard Quartarone អ្នក នាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងនៃសហរដ្ឋអាមេរិក (US CDC) ដែលបានបញ្ជាក់ប្រាប់ USA TODAY កាលពីថ្ងៃទី២១ កម្ភៈ ឆ្នាំ២០២០ ថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំដែលកំពុងសំរាកព្យាបាលនៅប្រទេសម៉ាឡេស៊ី មិនមានផ្ទុកវីរុសកូវីត១៩ទេ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៣ កុម្ភៈ។
ក្រសួងបន្តថា ការផ្តល់ពត៌មាននេះ កាន់តែផ្តល់នូវភស្តុតាងថ្មីថែមទៀត សបញ្ជាក់ថា ការៀបចំចាត់ចែង គ្រប់គ្រង ទទួលត្រួតពិនិត្យអ្នកដំណើរនិងអ្នកបម្រេីនៃនាវា MS WESTERDAM បានប្រព្រឹត្តទៅស្របតាមស្តង់ដារអន្តរជាតិត្រឹមត្រូវ។
រដ្ឋមន្រ្តីបញ្ជាក់ថា ការធ្វើតេស្តរកវីរុសកូវីតទាំងអស់នៅកម្ពុជាបានធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាសមាជិកមួយក្នុងបណ្តាញវិទ្យាស្ថានប៉ាស្ទរ័ពិភពលោក ដែល មាន៣២ វិទ្យាស្ថាន និងមានវត្តមានក្នុង ២៥ ប្រទេសជុំវិញពិភពលោក។
សូមបញ្ជាក់ថា មកដល់ថ្ងៃ២៣ កុម្ភៈ ចំនួនអ្នកស្លាប់ដោយ សារជំងឺកូរ៉ូណាមាន ២,៤៤៤នាក់ (ក្នុងនោះរួមមាន ហុងកុងស្លាប់២នាក់ និងតៃវ៉ាន់ម្នាក់) ខណៈករណីឆ្លងនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៧៧,០២៧ករណី។
ជាមួយគ្នានេះ អ្នកជាសះស្បើយ មាន២២,៨៨៨នាក់។
ដូចគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជាក៏បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19(វីរុស កូរ៉ូណា) នៅក្នុងប្រទេសក៏ដូចជាតំបន់។
ក្រោយការបង្ហាញភាពមិនប្រក្រតី នៃការធ្វើតេស្តវិជ្ជមាន វីរុស COVID-19 លើស្រ្តីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ នៅម៉ាឡេស៊ីកាលពីថ្ងៃទី២១ កុម្ភៈ ។
ស្រ្តីជនជាតិអាមេរិកាំង ជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី(Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំមានផ្ទុកមេរោគCovid-19 ទេ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា មិនទាន់មានអ្នកណាម្នាក់ ផ្ទុះនូវឡើងនូវជំងឺ Covid-19 នេះនៅឡើយ ខណៈបច្ចុប្បន្ននៅលើសកលលោកមានអ្នកឆ្លងជំងឺនេះ បានកើនឡើងទៅដល់ជាង៧ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់ មានចំនួនជាង២២០០នាក់ផងដែរដោយមិនទាន់មាន សញ្ញាថមថយនៅឡើយ។
បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសសារជាថ្មីថា ស្រ្តីវ័យចំណាស់សញ្ជាតិអាមេរិក អាយុ៨៣ឆ្នាំដែលបានចាកចេញពីកម្ពុជានោះមិនមានវីរុស COVID-19 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ចេញប្រតិកម្មថា ប្រសិនបើសម្ដេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចនឹងដកតំណែងរដ្ឋមន្រ្តីសុខាភិបាលចោលដោយសាធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដជាតិសាសន៍៤១ប្រទេសជុំវិញការប្រកាសថាស្រ្តីខាងលើមានផ្ទុកវីរុស COVID-19 ។
សម្ដេចតេជោ បានចូលទៅ Comment នៅលើ Facebook របស់ឈ្មោះ «Khek Khemrath» ដោយសរសេរក្នុងន័យដើមទាំងស្រុងថា “ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍។បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោលដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ”។
បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងកម្ពុជា រហូតដល់ព្រឹកថ្ងៃទី២៣ កុម្ភៈ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហាន ។
ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបាន បណ្តុះ បណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ៕